Register Already an agent ? Login

សម្ដេចតេជោ ជំរុញក្រុមហ៊ុនពន្លឿនសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ ខណៈសម្រេចបាន៨៦%

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Yunnan Investment Group ពន្លឿនសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ នឹងធ្វើយ៉ាងណាឱ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការហោះហើរ ខណៈ គម្រោងសម្រេចបាន ៨៦% ដោយគ្រោងដាក់ឱ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣។

ការជំរុញបែបនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឱ្យ លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដែលសាងសង់អាកាសយានដ្ឋាន​សៀមរាប-អង្គរ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

 តាមការឱ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅក្រោយជំនួបថា លោក Liu Minglin បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ សម្ដេចតេជោ ពី សំណាក់អគ្គលេខាធិការបក្ស ខេត្តយូណាន និង អភិបាលខេត្តយូណាន។

លោក Liu Minglin បានគោរពជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន ៨៦% ហើយគ្រោងដាក់ឱ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខផងដែរ។

លោក Liu Minglin ក៏បានគោរពរាយការណ៍ជូន សម្ដេចតេជោ អំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ ឱ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា ហើយ លោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឱ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។

ព្រលានយន្តហោះអន្តរជាតិនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមកព្រលានយន្តហោះខេត្តសៀមរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។ បើតាមការបញ្ជាក់របស់ សម្តេចតេជោ។

នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយដើម្បីទាក់ទាញឱ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាប និងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)