Register Already an agent ? Login

កម្ពុជា-ថៃ នឹងពិនិត្យឡើងវិញឱ្យភ្ញៀវទេសចរប្រទេសទាំងពីរ បើកបរដោយខ្លួនឯងឆ្លងទៅឆ្លងមកដើម្បីជំរុញកំណើនទេសចរ

ភ្នំពេញ៖ កម្ពុជា-ថៃ នឹងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅវិញទៅមក។ បើតាមជំនួបពិភាក្សាការងាររវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។

ភាគីទាំង២ បានឯកភាពគ្នារៀបចំជំរុញភ្ញៀវទេសចរទៅវិញទៅមក និងការជំរុញភ្ញៀវទេសចរពីប្រទេសទី៣ ឱ្យបានទៅទស្សនានៅក្នុងប្រទេសទាំង២ ដែលធ្វើឡើងក្រោមយុទ្ធនាការ «ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ» ហើយភាគីទាំង២ ក៏បានសម្រេចនិងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងផងដែរ។ បើតាមការក្រសួងទេសចរណ៍។

ក្រសួងបន្តថា ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញគាំទ្រឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងនេះ លោក ថោង ខុន បានបញ្ជាក់ថា លោកនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសិក្សាធ្វើយ៉ាងណាជំរុញឱ្យមានទេសចរណ៍ អាចបើកបររថយន្តពីប្រទេសថៃចូលមកកម្ពុជា និងពីកម្ពុជាទៅថៃ អាចបើកបន្តទៅទស្សនាតាមតំបន់ទេសចរណ៍នានា តាមរយៈយន្តការប្រើបណ្ណព្រំដែន ព្រោះកន្លងមកថៃក៏បានអនុវត្តដូចគ្នារួចហើយដែរជាមួយនឹងប្រទេសឡាវ និងមីយ៉ាន់ម៉ា។

នៅក្នុងជំនួប​នេះ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានឯកភាពលើសំណើរបស់កម្ពុជា ក្នុងការងារជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ផងដែរ។ ដោយឡែកទាក់ទងនឹងវិស័យកីឡាវិញ លោក Cherdkiat ATTHAKOR ក៏បានថ្លែងកោតសរសើរលើការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣នេះ និងបានគាំទ្រ និងជូនពរកម្ពុជាធ្វើយ៉ាងណាឱ្យការរៀបចំការប្រកួតកីឡានៅកម្ពុជានេះឱ្យទទួលបានជោគជ័យខ្ពស់ផងដែរ។ បើតាមការបន្ថែមរបស់ ក្រសួងទេសចរណ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)