Register Already an agent ? Login

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ សម្រេចបានជិត២២% យឺតយ៉ាវជាងផែនការ

កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើគិតមកទល់បច្ចុប្បន្នសម្រេចបានជិត២២% ហើយ ដោយមានភាពយឺតយ៉ាវជាងផែនការ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរបេសកកម្មចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ការងារសាងសង់ផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តួលេខនេះមានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងប្រែប្រួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។ បើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល។

លោក បានបន្តថា បេសកកម្មនេះត្រូវបានធ្វើឡើងក្នុងក្នុងបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបច្ចេកទេសក្នុងការសាងសង់ដើម្បីធានាបានថាក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ទេសរដ្ឋមន្ត្រី បានធ្វើការដាស់តឿន សាជាថ្មីម្តងទៀតដល់អ្នកបើកបរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងអត្រាបាត់បង់ជីវិត។ លោក ក៏បានលើកឡើងថា ការបំពានច្បាប់ចរាចរណ៍ មិនថាការបើកបរបញ្ច្រាសទិស ការបើកបរហួសល្បឿនកំណត់ ទាំងអស់នោះគឺជាទង្វើដែលប្រមាទអាយុជីវិតខ្លួន និងអ្នកដទៃជាខ្លាំង។

សូមរម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានបើកការដ្ឋានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយក្នុងផែនការត្រូវចំណាយរយៈពេលសាងសង់ចំនួន ៣២ខែ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ០៧សង់ទីម៉ែត្រ និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥សង់ទីម៉ែត្រ ក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)