Register Already an agent ? Login

គម្រោងធ្វើផ្លូវជាតិ៤ ប្រវែង១៧០គ.ម បញ្ចប់ដំណាច់ឆ្នាំ២០២៣ និងប្រវែង២៦គ.ម ឆ្នាំ២០២៤ ហើយស្ពាន៣២ នៅឆ្នាំ២០២៥

ព្រះសីហនុ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា បើតាមផែនការដែលបានគ្រោងទុក គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ប្រវែងសរុប ១៩៦គីឡូម៉ែត្រ ក្នុងនោះផ្លូវប្រវែង ១៧០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ និងប្រវែង ២៦គីឡូម៉ែត្រទៀត នឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤ខាងមុខ។

លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តថា ដោយឡែក ស្ពានចាស់ចំនួន ២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់ ១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន ០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ សរុបទាំងអស់ ៣២កន្លែង គ្រោងនឹងបញ្ចប់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉ែត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។

លោក បានបន្ថែមថា នៅក្នុងគម្រោងនេះ ក៏មានការជួសជុលស្ថានីយជញ្ជីងថ្លឹងយានយន្តចំនួន ០៤ទីតាំងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលបណ្ដាលឱ្យផ្លូវថ្នល់ឆាប់មានការខូច។ លោក ក៏បានផ្ដល់ជូននូវរូបមន្តមួយដែលទទួលបានពីធនាគារពិភពលោក សម្រាប់បង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងថា ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ គឺជាមូលហេតុចម្បងនាំឱ្យផ្លូវរបស់យើងទាំងអស់មានការសឹករេចរឹល។

សូមរម្លឹកផងដែរថា ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិមួយតភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងកំពង់ផែភាគនិរតី ដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា។ ផ្លូវនេះ នឹងត្រូវលើកកម្រិតគុណភាពជាពិសេស សម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និងកុងតឺន័រ ដើម្បីឱ្យស្របទៅតាមកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)