Register Already an agent ? Login

រាជរដ្ឋាភិបាល គ្រោងប្រកាសខេត្តអស់មីនចំនួន១២ នៅឆ្នាំ២០២៣ បន្ទាប់ពីឆ្នាំ២០២២បានប្រកាសអស់ខេត្តចំនួន៦

ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងប្រកាសខេត្តអស់មីនចំនួន១២ រួមមាន៖ ខេត្តកំពង់ចាម ខេត្ត ស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងត្រូវប្រកាសជាខេត្តអស់មីន។ បើតាម សារលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៤ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៣។

ក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន ៧ខេត្ត ត្រូវប្រកាសថាអស់មីន ហើយបានដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន៖ វត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បើតាមការបន្តរបស់ប្រមុខរាជរដ្ឋាភិបាល ដោយបានរម្លឹកថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ យើងបានប្រកាសរាជធានី ខេត្តចំនួន៦ ជារាជធានី ខេត្តអស់មីន រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ។

សារលិខិត រាជរដ្ឋាភិបាល បានបន្តឱ្យដឹងទៀតថា រយៈពេល ៣០ឆ្នាំនេះ ដោយគិតចាប់ពីឆ្នាំ១៩៩២ មកផ្ទៃដីទំហំ ២,៥៥៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១% ហេដ្ឋារចនាសម្ព័ន្ធ ៧% និងផ្សេងៗ ២២% រួមមាន៖ ការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១០ ០៣១ ៦៦៤នាក់។

មីនប្រឆាំងមនុស្សចំនួន ១ ១៥៣ ២១៧គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣ ០៣៤ ៧២៧គ្រាប់ ត្រូវបានឃើញនិងបំផ្លាញចោល។ ដោយឡែក នៅក្នុងឆ្នាំ២០២២ បានបោសសម្អាតផ្ទៃដីចំនួន ២៥០គីឡូម៉ែត្រការ៉េ សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះ បានរកឃើញនិងបំផ្លាញចោលមីនប្រឆាំងមនុស្ស ចំនួន ៣៦ ៦០៩គ្រាប់ មិនប្រឆាំងរថក្រោះ ចំនួន១៨៣គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៥៥ ៨០៣គ្រាប់។

ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។ មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើវិស័យសកម្មភាពមីនដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ។

ជោគជ័យ ដ៏ត្រចះត្រចង់ទាំងនេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការ ឈានទៅសម្រេចគោលដៅតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដើម្បីអាចធានាបាន នូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង។

គម្រោង សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោម មូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសប្បុរសជននានា យ៉ាងផុលផុស ស្របគ្នានេះដែររាជរដ្ឋាភិបាលក៏បានបង្កើតមូលនិធិកម្ពុជាគ្មានម៉ឺនឆ្នាំ២០២៥ ដោយសម្រេច ផ្តល់ថវិកាប្រមាណ ៦០លានដុល្លារ ពីឆ្នាំ២០២៣-២០២៥ ក្នុងការដោះស្រាយបញ្ហា គ្រាប់មីន ដើម្បីរំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូន្យជនរងគ្រោះថ្នាក់ និងសហគមន៍គ្មានរងផលប៉ះពាល់ដោយមីនឱ្យអស់ពីទឹកដីកម្ពុជា តាមរយៈការអនុវត្តយន្តការភូមិអស់មីន។

កម្ពុជា ត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៦៤៨គីឡូម៉ែត្រការ៉េ និងគ្រាប់មិនទាន់ផ្ទុះចំនួន ១ ៣២៧គីឡូម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន «កម្ពុជាមួយគ្មាន មីនឆ្នាំ២០២៥» ហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ប្រព្រឹត្តទៅដោយសុវត្ថិភាព។

ទោះបីជាកម្ពុជា ជាប្រទេសមួយដែលបានឆ្លងកាត់និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងប្រឈមនឹងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរដែលបង្កឱ្យប្រជាជន ស្លូតត្រង់ស្លាប់ របួស និងពីការរាប់ពាន់នាក់ កម្ពុជាក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ គិតពីឆ្នាំ២០០៦មក បានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួនដើម្បីចូលរួមចំណែកសម្រាលទុក្ខជូន ដល់ប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជា ប្រទេសស៊ូដង ស៊ូដង់ខាងត្បូង លីបង់ ស៊ីប (ស៊ីរី យេម៉ែន (នាង(ម៉ាលី និងអាហ្វ្រិកកណ្តាល។

ជាសមិទ្ធផលកម្ពុជា ទទួលបានស្នាដៃដ៏ធំធេងជាច្រើនដូចជាការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ នៅបញ្ជរក្នុងតំបន់បេសកកម្មដែលមានហានិភ័យ។ ជាមួយគ្នានេះ នៅឆ្នាំ២០២២ កម្ពុជាបន្តទទួលបានលំដាប់លេខរៀងទី២ ក្នុងការបរិច្ចាគកម្លាំងរឺយុទ្ធពេរី, ក្នុងសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ ក្នុងចំណោម ១២០ប្រទេស ដែលបានបរិច្ចាគកងកម្លាំងក្រោមឆត្រអង្គការសហប្រជាជាតិ។

រយៈពេលជាង ១៦ ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន ៨ ៦៦០នាក់ ក្នុងនោះមាននារីចំនួន ៦៤៧នាក់ បានបំពេញបេសកកម្ម ហើយទាហានមួកខៀវទាំងនោះ បានក្លាយជាគ្រួសារ មួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្ដល់នូវស្ថិរភាពមួយផ្នែកក្នុង ពិភពលោក។ បច្ចុប្បន្ន កម្លាំងកម្ពុជាចំនួន ៧៨៧នាក់ ក្នុងនោះនារីចំនួន ១២៤នាក់ កំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកណ្ដាល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)