Register Already an agent ? Login

ប្រធានក្រុមសភាអាល្លឺម៉ង់ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបាន

ភ្នំពេញ៖ លោកស្រី Gabriele KATZAMAREK ប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់ បានលើកឡើងបញ្ជាក់នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបាន។

ជំនួបពិភាក្សាដែលធ្វើឡើងកាលពីថ្ងៃទី២២ ​ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។

លោកស្រី Gabriele បានបន្តថា ក្រៅពីស្វែងដៃសហការ នឹងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ។

សម្ដេចតេជោ បានស្វាគមន៍នូវគោលដៅរបស់លោកជំទាវ Gabriele និងបានជម្រាបជូនលោកស្រីថា សហគមន៍អាស៊ានជាសហគមន៍មួយ ដែលអនុវត្តសេចក្តីសម្រេចតាមរយៈកុងសុងស៊ីស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន និងសហគមន៍អឺរ៉ុបឱ្យបានទទួលជោគជ័យនោះត្រូវមើលអាស៊ានទាំងមូល ដោយមិនត្រូវមើលប្រទេសនីមួយៗនៅក្នុងសហគមន៍ អាស៊ានដោយឡែកគ្នានោះទេ។

គួររម្លឹកថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលលោក និងលោកស្រី អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូន សម្ដេចតេជោ អំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងបំណងក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់ការវាយតម្លៃល្អអំពីកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះ ប្រធានាធិបតី ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការជួយដល់កម្ពុជា លើវិស័យដោះមីន, វិស័យវប្បធម៌ និងវិស័យដទៃទៀត។

សម្ដេចតេជោ ក៏បានសំដែងការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិន័យយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

គូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ។

បន្ទាប់ពីជួបប្រធានាធិបតីអាល្លឺម៉ង់ នៅថ្ងៃដដែល សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ផងដែរ។

នៅក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។ សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឱ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%  ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ។ «កម្ពុជា ក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ»។ បើតាមការបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន។

សម្តេចតេជោ បានបន្តទៀតថា កម្ពុជាសព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំងលើវិស័យសំណង់ ហើយឆ្លៀតពេលនោះដែរ សម្ដេចតេជោ បានស្នើសុំឱ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ នោះមានន័យថា ក្នុងករណីដែលការវិនិយោគអាល្លឺម៉ង់ ដាក់ទុនវិនិយោគនៅប្រទេសណាមួយហើយក៏ពិចារណា ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

ប្រមុខរាជរដ្ឋាភិបាល បានជម្រាបជូនប្រតិភូបន្ថែម អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ-១៩ ជួបនឹងវិបត្តិទឹកជំនន់ក្រុមហ៊ុននោះបានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឱ្យទាន់ការបញ្ជាទិញ។ លើសពីនោះទៀត សម្ដេចតេជោ ក៏បានស្វាគមន៍រាល់ការវិនិយោគទាំងឡាយរបស់អាល្លឺម៉ង់ មកកាន់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)