Register Already an agent ? Login

ជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០លានដុល្លារ ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង

ស្វាយរៀង៖ ជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦លានយ៉េន (ប្រមាណ ៣០,៦លានដុល្លារ) ដើម្បីអនុវត្ត គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក តាក ហឿនសឹក (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

បើតាមក្រសួងការបរទេស បានបន្តថា លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុង លិខិតប្តូរសារដែលបានចុះហត្ថលេខារួច កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

គូសបញ្ជាក់ថា កាយវិការសប្បុរសរបស់ រដ្ឋាភិបាលជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹង ប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជមបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក តាកេ ហ្ស៊ឺនសឹកិ និងលោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។

នៅក្នុងជំនួបនេះ លោក TAKEI Shunsuke បានសម្ដែងក្ដីរីករាយជាមួយទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន ដែលត្រូវបានលើកកម្ពស់ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកងទ័ព វិស័យដោះមីន វិស័យដទៃជាច្រើនទៀត។

លោក បានបញ្ជាក់ថា នឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ហើយនៅថ្ងៃខាងមុខនេះ ជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានថ្លែងអំណរគុណដល់ជប៉ុន ដែលបានលើកទឹកចិត្តឱ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ក៏ដូចជាការបញ្ជូនអាជ្ញាកណ្ដាល មកពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងជំនួយដទៃទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)