Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង កាត់ខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង សម្រេចបាន៥៦%

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងស្ថាបនាផ្លូវជាតិលេខ១០​ ប្រវែង ១៩៧.៦៩៧គីឡូម៉ែត្រ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង សម្រេចបាន ៥៦%ហើយ។ បើតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូ ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងដំណើរបំពេញបេសកកម្មនាឱកាសនេះ ក្រសួងក៏បានធ្វើតេស្តគុណភាពកម្រាស់ស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួន ហើយឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបានថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។

លើកឡើងនៅក្នុងដំណើរបេសកកម្មនាពេលនោះ លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ មានប្រវែង ១៩៧.៦៩៧​គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់  បន្តរហូតដល់ខេត្តកោះកុង។ គិតមកទល់បច្ចុប្បន្ន គម្រោងការងារសម្រេចការសាងសង់បានជាង ៥៦%ហើយ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ស៊ុន ចាន់ថុល បានដាស់តឿនជាថ្មីម្តងទៀតដល់អ្នកបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវធម្មតាឡើយ ព្រោះវាជាការបំពានច្បាប់ចរាចរណ៍ និងជាពិសេសគឺជាទង្វើដែលប្រមាទអាយុជីវិតខ្លួន និងអ្នកដទៃជាខ្លាំង។ លោក បានសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចៀសវាងការប្រព្រឹត្តល្មើសនានា។

គួររម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៧.៦៩៧គីឡូម៉ែត្រ​ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៨កន្លែងប្រវែង​ ១,៧២១.៤៦ម៉ែត្រ។

 ក្នុងនោះ មានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ ៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ព្រមទាំងមានបំពាក់ ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)