Register Already an agent ? Login

កម្ពុជា កំពុងស្វែងរកដៃគូវិនិយោគ ធ្វើផ្លូវដែកល្បឿនលឿនពីភ្នំពេញ-ប៉ោយប៉ែត ខណៈគម្រោងនេះបានសិក្សាចប់សព្វគ្រប់

ភ្នំពេញ៖ កម្ពុជា កំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ មានចម្ងាយ ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្នគម្រោងផ្លូវដែកនេះ បានសិក្សាសមិទ្ធលទ្ធភាពចប់សព្វគ្រប់ហើយ។ បើតាមការថ្លែងបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សាជាមួយ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានលើកឡើង ជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន នាពេលកន្លងទៅថ្មីៗនេះ លោកប្រធានាធិបតីចិនបានគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ និងតភ្ជាប់ទៅចិន និងបានផ្តល់ជំនួយ ៤៥លានដុល្លារ ដល់កម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ នៃគម្រោងផ្លូវដែកល្បឿនលឿនរបស់កម្ពុជានេះ។

កម្ពុជា និងថៃ ក៏ដូចជាប្រទេសនានាក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចនឹងទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាល ដែលរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលផលិត និងស្តុកទុកទំនិញឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ ហើយក្រៅដឹកទំនិញផ្លូវដែកល្បឿនលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។ បើតាមការគូសបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល។

ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវដែកនេះដែរ លោក ទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាពក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឱ្យទៅជាផ្លូវដែកដែលមានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។

លោក ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី វឌ្ឍនភាពការងារសាងសង់ ស្ថានីយច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់ ក្រុងប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិ បានណងអៀន ស្រុកអារញ្ញប្រាថេត ដោយបានបញ្ជាក់ថា វឌ្ឍនភាពគម្រោងការងារនេះ គឺមានសន្ទុះទៅមុខដូចដែលមានក្នុងផែនការ និងរំពឹងទុកថាការបើកឱ្យដំណើរការនូវច្រកព្រំដែនអន្តរជាតិថ្មីសម្រាប់ការដឹកជញ្ជូនធុនធ្ងន់ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

លោក បានបន្តថា មួយនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកាត់បន្ថយការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានមួយចំណែកធំផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោក បានស្នើឱ្យភាគីថៃពន្លឿនការងារសាងសង់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធសំដៅឈានទៅរកការបើកឱ្យដំណើរការជាផ្លូវការច្រកទ្វារអន្តរជាតិទ្វេរភាគីមួយនេះបាន នាពេលដ៏ខ្លីខាងមុខនេះ។

លើសពីនេះទៅទៀត លោក ស៊ុន ចាន់ថុល បានលើកឡើងការពិនិត្យលទ្ធភាពគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីឈានទៅដល់ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះរវាងប្រទេសកម្ពុជា-ថៃ នាពេលអនាគត ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែនមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយដូចច្រកអន្តរជាតិផ្សេងៗទៀតដែរ តាមរយៈដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការដោះដូរទំនិញគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាពជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលនៅសល់ត្រឹមតែមួយគីឡូម៉ែត្រទៀតប៉ុណ្ណោះ ដើម្បីភ្ជាប់មកផ្លូវជាតិលេខ៥៥ របស់កម្ពុជា។ លោក បានបញ្ជាក់ថា ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះត្រូវបានរំពឹងថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមមួយកំរិតទៀត។

លោក បានបន្ថែមថា ជាមួយគ្នានោះបើកឱកាសឱ្យបានកាន់តែទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រទេសទាំងពីរផងដែរ។

ឯកអគ្គរាជទូត ក្នុងនាមរាជរដ្ឋាភិបាលថៃ បានសម្តែងនូវសុច្ឆន្ទៈ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតក្នុងអាណត្តិនេះ លោក នឹងខិតខំអនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាង រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)