Register Already an agent ? Login

ពន្ធដារ ប្រមូលចំណូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញបានប្រមាណ ៣០០លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ១,២១៧.៣៨ប៊ីលានរៀល (ប្រមាណ ៣០០.៥៩លានដុល្លារ) ស្មើនឹង ៨,៤២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមការថ្លែងរបស់ លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ។

ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​មករា ឆ្នាំ២០២៣ ព្រម​ទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០២៣ លោក គង់ វិបុល បានបន្តថា ប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០,០៤ប៊ីលានរៀល (ប្រមាណជា ១២.៣៦លានដុល្លារ) ស្មើនឹង ៤,២៩%។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបន្តទៀតថា លើសពីនេះ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២០,៧៣% អាករលើតម្លៃបន្ថែម ៨,៥៧% និងពន្ធលើប្រាក់បៀវត្ស ១៨,០៧%។

លោក គង់ វិបុល បាន​ឱ្យ​ដឹង​ថា អគ្គ​នាយក​ដ្ឋាន​ពន្ធដារ បាន​ចាប់​ផ្តើម​ឆ្នាំ២០២៣ ជាមួយនឹង​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ខែ​មករា ឆ្នាំ២០២៣ ធៀបនឹង​ខែ​មករា ឆ្នាំ២០២២ ក៏ដូចជា​ផែនការ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៣។

លោក​ បានលើកឡើងថា ​សម្រាប់​រដូវកាល​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​រំពឹង​ថា ការប្រកាស​និង​បង់ប្រាក់​ពន្ធ​លើ​ប្រាក់​ចំណូល សម្រាប់​ឆ្នាំ២០២២ នឹង​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ និង​មិនមាន​ការថមថយ​ឡើយ តាមរយៈ​ប្រព័ន្ធ​ពន្ធដារ E-Filing និង ToI E-Filing ដែលជា​ប្រព័ន្ធ​ដ៏រឹងមាំ​និង​មាន​តម្លា​ភាព និង​ជាយន្តការ​យ៉ាង​សំខាន់ ក្នុង​ការពង្រឹង​ការផ្ទៀងផ្ទាត់​ការដាក់​លិខិត​ប្រកាស និង​បង់​ប្រាក់​ពន្ធ (Cross check)។

ពាក់ព័ន្ធ​ការគ្រប់គ្រង​ពន្ធ​នេះ​ដែរ សម្ដេចតេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ២០២៣ បាន​កោត​សរសើរ​ចំពោះ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​ទាំងអស់​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​បំពេញ​បេសកកម្ម​ដ៏ជោគជ័យ ដោយ​បាន​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃ​ក្នុង​ជូន​រដ្ឋ​បាន​គ្រប់ និង​លើស​ផែនការ​កំណត់​ដោយ​ច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ប្រកប​ដោយ​មោទនភាព​៕​

ដោយ៖ មឿន ឌីណា (Moeun Dyna)