Register Already an agent ? Login

លោក អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ដល់ក្រសួងដឹកជញ្ជូន សិក្សាគម្រោងផ្លូវដែកជាអាទិភាព ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ

សៀមរាប៖ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញសិក្សាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ គម្រោងផ្លូវដែកជាអាទិភាព។

លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា គម្រោងផ្លូវដែកអាទិភាព ជាអាទិ៍រួមមាន៖ គម្រោងផ្លូវ រថភ្លើងធុនស្រាលតភ្ជាប់ពីក្រុងសៀមរាបទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ, គម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ, គម្រោងផ្លូវរថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ និងគម្រោងផ្លូវដែកល្បឿនលឿនដែលត្រូវធ្វើឡើងជាកញ្ចប់ ទាំងសម្រាប់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និងសម្រាប់តភ្ជាប់ក្នុងតំបន់ ជាពិសេសការតភ្ជាប់ទៅដល់ប្រទេសចិន។

នៅក្នុងពិធីបិទសន្និបាតខាងលើ លោក អូន ព័ន្ធមុនីរ័ត្ន ដែលតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ទាំងល្បឿនលឿន និងល្បឿនធម្មតា ដើម្បីលើកជាយោបល់គ្រប់ជ្រុងជ្រោយ ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ក្រៅតែអំពីអនុសាសន៍នៃគម្រោងផ្លូវដែក លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្ដល់អនុសាសន៍ ១០បន្ថែមទៀតរួមមាន៖  

-ជំរុញកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកកខ្វក់ និង ទឹកភ្លៀង និង បន្តជំរុញពន្លឿនការរៀបចំ និង អនុម័តច្បាប់, ផែនការយុទ្ធសាស្ត្រ និង បទប្បញ្ញត្តិបច្ចេកទេសនានា។ -ជំរុញការរៀបចំ និងអនុម័តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់យានយន្តអគ្គិសនី (EV)។

-ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវសមុទ្រ និង ការធ្វើអាជីវកម្មកំពង់ផែ ឱ្យកាន់តែល្អប្រសើរឡើង។ -ជំរុញការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ -ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក; ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង កំពង់ផែ; ច្បាប់ស្តីពីផ្លូវដែក; គោលនយោបាយ; យុទ្ធសាស្រ្ត និង លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។

-បន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សថ្នាក់ឧត្ដមសិក្សា និងវគ្គជំនាញបច្ចេកទេសសាធារណការ និង ដឹកជញ្ជូន តាមរយៈការបណ្តុះបណ្តាល នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍ សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាដើម។ និង -បន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរជូនប្រជាជន និងបង្ខិតសេវាសាធារណៈឱ្យកាន់តែទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញនិងអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ផ្តល់សេវាសាធារណៈថ្មីៗដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)