Register Already an agent ? Login

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៨៦លានដុល្លារ កើនជាង២% ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ រកចំណូលបាន​សរុប​ប្រមាណ ៨៦លានដុល្លារ កើន ២,៤៥% បើធៀបនឹងឆ្នាំ២០២១ ខណៈចំណូលរបស់កំពង់ផែភ្នំពេញវិញ ក៏បានកើនជាង ១៧%។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញ​ឆ្លងកាត់ប្រមាណ ៥,៣លានតោន បានកើនឡើង ១,២៩%។

លោក បានបន្តទៀតថា ចំណែកឯការដឹកជញ្ជូនទំនិញរបស់កំពង់ផែភ្នំពេញ ក៏មានការកើនឡើងជាង ១៧% ដោយរកចំណូលចូលជាតិបាន ៤០លានដុល្លារ ផងដែរ។

បច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍន៍​ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី ក្រោមជំនួយរបស់អង្គការចៃកា (JICA) នាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរ​ទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ។ បើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល បានបន្តទៀតថា ពិសេសការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានលើកឡើងទៀតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពសាងសង់​ផែ​កុងតឺន័រ​ជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ មានជម្រៅទឹក ១៦ម៉ែត្រ ​ដែលជាគម្រោងឆ្នាំ២០២៥-២០២៨ និង ជំហានទី៣ មាន​ប្រវែង ៤៣០ម៉ែត្រ មានជម្រៅទឹក ១៧,៥ម៉ែត្រ ដែលជាគម្រោងឆ្នាំ២០២៦-២០៣០។

លោក រដ្ឋមន្រ្តី ក៏បានរម្លឹកឡើង ពីការសហការរវាង កំពង់ផែក្រុងព្រះសីហនុនេះជាមួយ JICA ដើម្បីរៀបចំនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់ផែកុងតឺន័រថ្មីមួយទៀត ដែលមានជម្រៅ ១៤,៥០ម៉ែត្រ ខណៈ បច្ចុប្បន្ននីតិវីធីសិក្សាជិតចប់ហើយដោយមានក្រុមហ៊ុនចំនួន៣ តែយើងនឹងជ្រើសរើសក្រុមហ៊ុន១ ដើម្បីមកកសាងផែថ្មីនេះ ហើយសង្ឃឹមថានឹងចប់ឆាប់ៗនេះ ហើយឈានទៅសាងសង់នាពេលដ៏ខ្លីខាងមុខផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)