Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីខេត្តសៀមរាបសម្រេចបាន ៧៥% ប៉ុន្តែជំរុញឱ្យក្រុមហ៊ុនខិតខំបន្ថែមទៀត

សៀមរាប៖ វឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៧៥ភាគរយ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមការឱ្យដឹងពី លោក ZOU YUHUI ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co.,Ltd បានបន្តថា គ្រោងនឹងបញ្ចប់តាមផែនការ និងការហោះហើរសាកល្បងតេស្តឧបករណ៍នៅខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុងដំណើរទស្សនកិច្ច ដើម្បីស្វែងយល់លក្ខណៈបច្ចេកទេសសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ZOU YUHUI បន្តទៀតថា ការសាងសង់បានចំណាយទឹកប្រាក់ សរុប​អស់ចំនួន ៦២០លានដុល្លារហើយ។

លោក ជា អូន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានចាត់ទុកថានេះជាការវិវត្តដ៏ល្អមួយ ប៉ុន្តែ ទោះជាយ៉ាងណាបានជំរុញឱ្យក្រុមហ៊ុនត្រូវខិតខំពន្លឿនការសាងសង់បន្ថែមទៀត ដើម្បីឱ្យទាន់តាមការកំណត់នោះ គឺការបើកទទួលការចុះចតដែលនឹងត្រូវធ្វើឡើងនៅខែតុលាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះហើយ។

ព្រលានយន្តហោះសៀមរាបអង្គរនេះ ជាហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាងមួយដែលជួយពន្លឿនចក្ខុវិស័យ និងទស្សនៈទានក្នុងការពង្រឹងនិងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ក៏ដូចជាបង្កការងាយស្រួលដល់អ្នកទេសចរអន្តរជាតិតាមរយៈការព្យាយាមធ្វើឱ្យបាននូវការតភ្ជាប់ការហោះហើរក្នុងតំបន់ និងការហោះហើរត្រង់បន្ថែមទៀតទៅកាន់ទីផ្សារនៅតាមតំបន់នានាក្នុងពិភពលោកផងដែរ។ បើតាមការលើកឡើងរបស់ លោក ជា អូន។

លោក បានបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនេះ ក៏បានបង្ហាញនូវសញ្ញាណវិជ្ជមានថ្មីមួយសម្រាប់ជំរុញឱ្យមានកំណើននិងទម្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ ជាពិសេសបង្កើនសមត្ថភាពការប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកជាដើម។

សម្រាប់ឆ្នាំ២០២៣ គឺជាឆ្នាំដែលសាងសង់យ៉ាងមមាញឹក និងឆ្នាំចាប់ផ្តើមការត្រៀមដាក់ឱ្យដំណើរការប្រតិបត្តិរបស់គម្រោង ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ រដ្ឋាភិបាលចិន-រាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួលនិងការណែនាំពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុននឹងជម្នះរាល់ឧបសគ្គនិងការលំបាកនានា ដើម្បីដាក់ឱ្យដំណើរការអាកាសយានដ្ឋាននៅចុងឆ្នាំ២០២៣ខាងមុខនេះ។ បើតាមការបន្ថែមរបស់ លោក ជា អូន។

ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គវត្ត ដែលធានាបានថាការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) នៅលើផ្ទៃដី ៧០០ហិកតា និងបានបើកការដ្ឋាន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)