Register Already an agent ? Login

ក្រសួងពាណិជ្ជកម្ម និង Alibaba គ្រោងចុះ MoU ដាក់ផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនោះ លោក រដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការដឹកនាំប្រជុំដោយផ្ទាល់ និងបានស្នើឱ្យក្រសួងពាក់ព័ន្ធចូលរួមពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។

លោក បានថ្លែងបន្តថា ក្រសួងពាណិជ្ជកម្ម បានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារបានចូលរួមប្រជុំចំនួនបីលើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ។

ទន្ទឹមនឹងការត្រៀមចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨តោន។

លោក រដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់មតិគាំទ្រ ក៏ដូចជាការផ្ដល់ធាតុចូលសំខាន់ៗបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ និងបានផ្ដល់អនុសាសន៍ដល់ក្រុមការងារដើម្បីបន្តផ្ដល់នូវធាតុចូលបន្ថែម និងរៀបចំកិច្ចប្រជុំបន្តបន្ទាប់ដើម្បីជម្រុញឱ្យការចូល eWPT បានឆាប់រហ័សស្របតាមយុគសម័យឌីជីថល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026