Register Already an agent ? Login

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មលើផ្ទៃដីជាង ១០០ហិកតា នៅខេត្តកំពង់ឆ្នាំងនឹងលេចរូបរាងខាងមុខនេះ

កំពង់ឆ្នាំង៖ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្ម លើផ្ទៃដីជាង ១០០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នឹងលេចរូបរាងនាពេលខាងមុខនេះ ដោយផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគផ្សេងៗ និងប្រជាកសិករ។ បើតាមការលើកឡើងរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធិ ដែលបានចុះពិនិត្យអំពីដំណើរការនៃការសាងសង់គម្រោងខាងលើ បានបញ្ជាក់ថា កំពង់ផែថ្មីដែលនឹងលេចរូបរាងនាពេលខាងមុខនេះ ពិតជាមានសារសំខាន់បំផុតសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក្នុងការលក់នូវកសិផលរបស់ខ្លួន ព្រោះថាកំពង់ផែថ្មីនេះ ទទួលទិញនិងបែងចែកកសិផល ទៅទូទាំងប្រទេស និងក្រៅប្រទេសផងដែរ។

អភិបាលខេត្ត បានសំដែងនូវអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការអនុញ្ញាតឱ្យមានការសាងសង់កំពង់ផែថ្មីនេះនៅខេត្តកំពង់ឆ្នាំង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង។ លោក បានបន្ថែមថា ចំពោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍន៍នៃកំពង់ផែនេះ ក្រុមហ៊ុនបានសម្របសម្រួលនិងដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋរួចរាល់ហើយ។

លោក ប្រាក់ វុទ្ធី ប្រធានក្រុមហ៊ុន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.ក បានលើកឡើងថា ក្នុងការអភិវឌ្ឍតំបន់នេះ ក្រុមហ៊ុនបានធ្វើការដោះស្រាយនូវគោលនយោបាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍ចំនួន ៣៥គ្រួសារ ដោយផ្តល់ដី ថវិកាគោលនយោបាយ និងរៀបចំអភិវឌ្ឍន៍តំបន់ថ្មីដែលប្រជាពលរដ្ឋទៅរស់នៅ។

លោក ប្រធាន បានលើកឡើងបន្តថា ការអភិវឌ្ឍនៅតំបន់នេះ គឺរៀបចំជាជំហានៗបន្តបន្ទាប់ ដែលមាន៣ ដំណាក់កាលធំៗរួមមាន៖ ទី១-ដំណើរការអាជីវកម្ម, ទី២-គឺរៀបចំឱ្យមានមណ្ឌលសន្និធិប្រេង និងជំហានទី៣-រៀបចំជាកំពង់ផែទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស។

លោក បានគូសបញ្ជាក់ថា «ទាំងនេះជាសក្តានុពលនៃការអភិវឌ្ឍន៍ថ្មី របស់ស្រុកកំពង់លែង។ កំពង់ផែនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់អ្នកវិនិយោគផ្សេងៗ និងប្រជាកសិករដែលត្រូវការលក់កសិផលរបស់ខ្លួនដោយមកលក់ផ្ទាល់នៅកំពង់ផែនេះតែម្តង»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ដល់ក្រុមហ៊ុន ខេអិលភី ត្រេនឌ័រថេសិន (KLPT Transportation Co, Ltd) វិនិយោគបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដើម្បីជួយជំរុញការដឹកជញ្ជូនផ្លូវទឹក ជាពិសេស ជួយផ្តល់ការងារបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាជននៅក្នុងខេត្ត និងបណ្តាខេត្តនៅជាប់បឹងទន្លេសាប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026