Register Already an agent ? Login

សម្ដេចតេជោ បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-ឡាវ ពន្លឿនការចរចាលើកិច្ចព្រមព្រៀង ការយកពន្ធត្រួតគ្នា

ភ្នំពេញ៖ មន្រ្តីបច្ចេកទេសកម្ពុជា-ឡាវ គួរពន្លឿនការចរចាលើ កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគ និងដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងសកម្មភាពសេដ្ឋកិច្ចនានា រវាងប្រទេសទាំងពីរ។ បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួប ពិភាក្សាជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងជំនួបនេះ តបតាមការអញ្ជើញរបស់ សនៃ ស៊ីផាន់ដន, សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅវៀងច័ន្ទន៍ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណខន្ធ និងដាក់កម្រងផ្កានៅវិមានយុទ្ធជនមិនស្គាល់អត្តសញ្ញាណដែលបានពលីនៅក្នុងសង្គ្រាម។ ទន្ទឹមនេះ សម្តេច តេជោ ក៏បានចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅវិមានប្រធានរដ្ឋ និងលោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ នៅវិមានរដ្ឋសភា។

សម្តេចតេជោ និងលោក សនសៃ ស៊ីផាន់ដន បានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពី ស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅអនាគតដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។

ភាគីទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារ ក្នុងឆ្នាំ២០២១ ទៅ ២១០លានដុល្លារ នៅឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទេសចរណ៍ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ភាគីទាំងពីរ បានស្វាគមន៍ការបើកឡើងវិញនូវ ជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ សម្តេច តេជោ លើកទឹកចិត្តឱ្យបើកនូវការហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញឡើងវិញ ខណៈដែល ប្រទេសទាំងពីរបានបើកប្រទេសទាំងស្រុងវិញហើយ។

ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឱ្យភាគីទាំងពីរបន្ត ធ្វើការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ បោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវ និងចែករំលែកចំណេះដឹង និងស្រាវជ្រាវរវាង រាជបណ្ឌិតសភាកម្ពុជា និងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរ បានជំរុញឱ្យភាគីទាំងពីរពន្លឿនការបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី “ទំនាក់ទំនងកម្ពុជា-ឡាវ៖ ទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំ វចនានុក្រម ឡាវ-ខ្មែរ និងខ្មែរ-ឡាវ។

ចំពោះវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលារវាង អាជ្ញាធរនៅតាមតំបន់ព្រំដែន។ សម្តេចតេជោ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តធ្វើលំហាត់ រួមសង្គ្រោះគ្រោះមហន្តរាយតាមបណ្តាខេត្តជាប់ព្រំដែន។

ចំពោះកិច្ចការព្រំដែន នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍វឌ្ឍនភាពដែលគណៈកម្មការ ចម្រុះព្រំដែនកម្ពុជា និងឡាវ សម្រេចបានក្នុងការកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦% រួមមាន៖ ការបោះបង្គោលព្រំដែនលើដីជាក់ស្តែងបានចំនួន ១២១បង្គោល។

នាយករដ្ឋមន្ត្រីទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃវិស័យថាមពលដែលជាស្នូលអាទិភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ។ ភាគីទាំងពីរបានលើកទឹក ចិត្តឲ្យក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈ យោគយល់គ្នានិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាង ប្រទេសទាំងពីរ សំដៅធានាស្ថិរភាព និងសន្តិសុខថាមពលដើម្បីការអភិវឌ្ឍជាតិ។

ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខា លើឯកសារជាប្រវត្តិសាស្ត្រសំខាន់ចំនួន ០២ រួមមាន៖ ១-សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ២-ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២០២៣-២០២៧)។

ទន្ទឹមនេះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ និងឡាវ-កម្ពុជា ដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងលោក សាលើមស គុំម៉ាស៊ីត ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងភរិយា មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។ លោក នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណ និងទទួលយកការ អញ្ជើញ ដោយក្ដីរីករាយ។ ពេលវេលាជាក់លាក់នៃដំណើរទស្សនកិច្ចនេះនឹងត្រូវរៀបចំតាមរយៈផ្លូវការទូតនៅពេលក្រោយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)