Register Already an agent ? Login

ការនាំចេញអង្ករកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុបមានការកើនឡើងចំនួន ៤២% ក្នុងខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦,៩០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

នៅក្នុងរបាយការណ៍បានឱ្យដឹងទៀតថា ៣៤គោលដៅ ដែលក្នុងនោះទៅកាន់ប្រទេសក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន២០ប្រទេសស្មើនឹង ៤៨% នៃការនាំចេញសរុបគិតជាបរិមាណមានចំនួន ១៧,៧៩៥តោន ដែលស្មើនឹង ទឹកប្រាក់ចំនួន ១៣.៤៤ លានដុល្លារ។

ខណៈ ប្រទេសចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជាចំនួន ៤១% ដែលមានបរិមាណចំនួន ១៥,០៤៥តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១១.៧៧លានដុល្លារ។

ប្រទេសអាស៊ានចំនួនពីរ មានប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ចំនួន ១៨៧តោន ដែលគិតជាទឹកប្រាក់មាន ចំនួន ១.០៩លានដុល្លារ។

ជាមួយគ្នានោះ គោលដៅផ្សេងៗ ចំនួន៧ រួមមានប្រទេសហ្វាឆ្អឹង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាប៊ីតសាអូឌីតចំនួន ២,១៨៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ២.៥៣លានដុល្លារ។

នៅក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ដោយសារការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ក្នុងខែមករា ប្រមាណជាជិត ២សប្តាហ៍នៅប្រទេសចិន ធ្វើឱ្យមានការយឺតយ៉ាវក្នុងនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន នឹងធ្វើឱ្យការនាំចេញសរុបមានការថយចុះផងដែរ។

ចំពោះប្រភេទអង្គរនាំចេញ កម្ពុជាបាននាំចេញអង្ករក្រអូបប្រណិត “ម្លិះអង្គរ” ចំនួន ២២,៨១០តោន អង្ករសែន​ក្រអូប ចំនួន ៩,៣៥៨តោន អង្ករសធម្មតាចំនួន ១,៧២១តោន អង្ករចំហុយចំនួន ១,៨៦៧តោន អង្ករសរីរាង្គចំនួន ១,១៤៤តោន និងបាននាំស្រូវចេញចំនួន ២៥២,៧១៤តោន។ សរុបតម្លៃនៃការនាំចេញអង្ករ និងស្រូវ បានទឹក​ប្រាក់ចំនួន ៩២លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)