Register Already an agent ? Login

លោក ស៊ី ជិនពីង អរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា»?

ភ្នំពេញ៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា»?។

ការអរគុណ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូចការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម លោក ស៊ី ជិនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងជំនួបនោះ ធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង លោក ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអបអរសាទរ ចំពោះការអញ្ជើញនេះ។ សម្តេច បានមានប្រសាសន៍បន្តថា កាលដែលសម្តេចអញ្ជើញមកកាន់ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ ពេលដែលផ្ទុះកូវីដ-១៩ យ៉ាងខ្លាំងនោះ គឺចង់លើកទឹកចិត្តនិស្សិមួយចំនួននៅវ៉ូហាន និងម្យ៉ាងវិញទៀតក៏ដូចជាកម្ពុជាចង់ឈរនៅជាមួយប្រជាជនចិន នៅពេលជួបគ្រាលំបាក។

ក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរកម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា។ មេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។

មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន ទី១-នយោបាយ និងការទូត, ២-វិស័យសមត្ថភាពផលិត និងវាយភណ្ឌ, ៣-កសិកម្ម ៤-ថាមពល, ៥-សន្តិសុខ និង៦-ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

នៅក្នុងជំនួបគ្នានេះ លោក ស៊ី ជីនពីង បានគាំទ្រចំពោះជំហរគោលនយោបាយរបស់កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដី របស់កម្ពុជា។

ទាក់ទិននឹងការលើកឡើងរបស់ ប្រធានាធិបតីចិន សម្តេចតេជោ បានឆ្លើយតបថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២៣ ដែលបានជំរុញការបើក ទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា។ លោក ប្រធានាធិបតី មានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបឹងទន្លេសាប។

នាឱាសនោះ លោក ស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)