Register Already an agent ? Login

ក្រុមហ៊ុនធំៗ៣របស់ចិន សុំឱ្យរាជរដ្ឋាភិបាលកម្ពុជា គាំទ្រលើគម្រោងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បានសិក្សាហើយនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន​Beijing Urban Construction Group និង​ក្រុមហ៊ុន​China Metro Group បានសុំការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឱ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត។

ការសុំគាំទ្រនេះ នាឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។

នៅក្នុងជំនួបដោយឡែកនេះ ក្រុមហ៊ុនធំៗទាំង៣ បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឱ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

ជាមួយ នឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនបន្តពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចម្រាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ក្រុមហ៊ុន ក៏បានលើកឡើងឱ្យដឹងពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

បើតាមជំនួបនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។

ទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគម្រោងវិនិយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

ក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។

កិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូន សម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ជូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានឱ្យដឹងបន្ថែម ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ-សៀមរាប បានប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ក៏បានលើកឡើងពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ បាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូងសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)