Register Already an agent ? Login

សហព័ន្ធស្រូវ អង្ករកម្ពុជា គ្រោងនាំចេញអង្ករចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និង១លានតោន ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានដាក់ផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជាសម្រាប់អាណត្តិទី៤ សំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់ ១លានតោន ក្នុងឆ្នាំ២០២៥។

ក្នុងឱកាស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនសហព័ន្ធស្រូវ អង្ករកម្ពុជា ជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់អាណត្តិថ្មី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចាន់ សុឃាំង បន្តថាសហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធ ដោយរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៣-២០២៧) និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មីៗ ជាពិសេសទីផ្សារប្រទេសហ្វីលីពីន។

លោក បានលើកឡើងបន្តទៀតថា ព្រមទាំងពង្រីកទីផ្សារនាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (នាខែកុម្ភៈ) ប្រទេសថៃ (នាខែឧសភា) និងប្រទេសអាឡឺម៉ង់ (នាខែតុលាខាងមុខ) ក៏ដូចជាក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅតំបន់ និងប្រទេសគោលដៅមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង សហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្រ្តាលី ជាដើម។

ប្រធានសហព័ន្ធ បន្ថែមថា សហព័ន្ធមានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣ នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈិមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK”។

ក្នុងឱកាសនេះ លោក ប៉ាន សូរស័ក្ដិ បានសម្ដែងការអបអរសាទរចំពោះ ឧកញ៉ា លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបទទួលបាននូវសេចក្ដីទុកចិត្តពីសមាជិក សមាជិកា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ព្រមទាំងបានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសហព័ន្ធស្រូវ អង្ករកម្ពុជាទាំងអស់ចំពោះសមិទ្ធផលការងារដ៏ល្អក្នុងអាណត្តិកន្លងមក។

លោក រដ្ឋមន្រ្តី បានបន្តថា វិស័យស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយ សម្តេច តែងតែយកវិស័យស្រូវអង្ករនេះជាប្រធានបទ និងជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។

ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។ បើតាមបន្ថែមរបស់ លោក ប៉ាន សូរស័ក្តិ។

លោកប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតសម្រាប់ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ទន្ទឹមនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់ការណែនាំដល់សហព័ន្ធជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនទៀត ដោយសារកម្ពុជាមានមូលដ្ឋាននៃការប្ដេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុបចំនួន ៤០ម៉ឺនតោន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)