Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស សម្រេចបានជាង ១១ភាគរយហើយ

ភ្នំពេញ៖ គម្រោងសាងសង់ស្ពាន​អាកាសព្រះមុន្នីវង្ស ក្រុមហ៊ុន​ OCIC កំពុងតែធ្វើការខួងគ្រឹះស្ថានដែលទាំងអស់មានចំនួន ២១៩ដើម ទើបនឹងបានបញ្ចប់ការខួងនិងចាក់បេតុងបានប្រមាណ ២៥ដើម ស្មើនឹង ១១.៤១% នៃគម្រោង។ បើតាមការឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ការដ្ឋាន​កំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ នៅតំបន់ N1 បានខួងគ្រឹះរួចរាល់ចំនួន ២២ដើម និង​នៅតំបន់ N2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត ​តែតំបន់នេះមានការពិបាកក្នុងការរៀបចំរបាំង​ការដ្ឋាន ដោយសារប្រជាពលរដ្ឋមានការតវ៉ា។ បើតាមកបន្តរបស់ លោក សាំ ពិសិដ្ឋ។

លោក សាំ ពិសិដ្ឋ បានប្រាប់សារព័ត៌មាន ​BTV នៅថ្ងៃទី៧ ខែកុម្ភៈ ​ឆ្នាំ២០២៣ថា ចំពោះនៅលើផ្លូវព្រះមុនីវង្ស ​នៅតំបន់ N3 ក្រុមបច្ចេកទេស​បានធ្វើការខួងគ្រឹះបានចំនួន ៣ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់​ ដើម្បីបន្តការងារទៀត។

ស្ពានអាកាសនេះ ​សាងសង់ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ​ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ​ជាមួយវិថីកងយោធពលខេមរភូមិន្ទ ​ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសទាំងនេះ គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ​ដែលមានរង្វង់មូលបែងចែកទិស និង​ផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស ​មហាវិថីសម្តេចតេជោ ហ៊ុន សែន ​វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។​ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។

ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញក៏បានតៀមបើកការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)