Register Already an agent ? Login

កម្ពុជា ស្វែងរកការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

ភ្នំពេញ៖ លោកស្រី គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទៅប្រជុំនិងទស្សនកិច្ចសិក្សាទីផ្សារនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពង្រីកទីផ្សារស្រូវអង្ករ។ បើតាមសេចក្ដីប្រកាសព័ត៌របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំ និងទស្សនកិច្ចសិក្សាទីផ្សារនេះ គណៈប្រតិភូប្រទេសកម្ពុជាបានជួបជាមួយ លោក ALFEDO.E PASCUAL រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងលោកស្រី DR. EMMIE LIZA PEREZ-CHIONG ប្រធានសាជីវកម្មពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើការនាំចូលអង្ករ។

ភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះហត្ថលេខានាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ ខាងភាគីហ្វីលីពីន ក៏បើកឱ្យមានការធ្វើពាណិជ្ជកម្មអង្ករដោយសេរី នៅក្រោមរូបភាពឯកជន និងឯកជនដោយផ្ទាល់តែម្តង ទៅតាមបរិមាណ គុណភាព និងតម្លៃដែលបានឯកភាព រវាងភាគីទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាពីយន្តការ និងលក្ខខណ្ឌបច្ចេកទេស តម្លៃសម្រាប់ផ្គត់ផ្គង់ជាមួយបណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន ដែលជាលទ្ធផលបណ្តាក្រុមហ៊ុននាំចូលទាំងនោះមានការចាប់អារម្មណ៍លើគុណភាពអង្ករ និងមានបំណងនាំចូលអង្ករកម្ពុជា ទៅក្នុងទីផ្សារហ្វីលីពីន ផងដែរ។

គណៈប្រតិភូកម្ពុជាក៏បានអញ្ជើញ និងបានទទួលការអញ្ជើញដោយអ្នកនាំចូលអង្ករប្រទេសហ្វីលីពីន មកទស្សនកិច្ចសិក្សាលើរោងម៉ាស៊ីនកិនស្រូវកម្ពុជាដោយផ្ទាល់តែម្តង ដើម្បីបង្កើនទំនុកចិត្ត និងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង និងមានភាពយូរអង្វែង ដែលកម្មវិធីនេះនឹងគ្រោងរៀបចំឡើងនៅពេលរដូវច្រូតកាត់ស្រូវប្រាំងជុំទី១ នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៣ នេះតែម្តង ដែលក្នុងកំឡុងពេលទស្សនកិច្ចសិក្សាអាចនឹងឈានដល់ការចុះកិច្ចសន្យាទិញ-លក់។

សូមបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ ដែលជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅ ប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុតជាប្រភេទអង្ករសធម្មតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)