Register Already an agent ? Login

កម្ពុជា ស្នើទូតហុងគ្រីជំរុញវិនិយោគិនរបស់ខ្លួន សិក្សានិងស្វែងយល់បន្ថែមពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រីប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី បានស្នើសុំឱ្យវិនិយោគិនហុងគ្រី សិក្សានិងស្វែងយល់បន្ថែមពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញឱ្យនាំចូលផលិតផលកសិកម្ម និងឧស្សាហកម្មពីកម្ពុជាបន្ថែមទៀត។

នៅក្នុងជំនួបខាងលើ លោកស្រី តឹករ៉េត កំរង ក៏បានជំរុញឱ្យភាគីទាំងពីរ ដែលជាសមាជិកគណៈកម្មការនេះ រួមមានក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ឬកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព។ ការលើកទឹកចិត្ត និងសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន គឺជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។ 

បើតាមជំនួបដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈ

 ឆ្នាំ២០២៣ លោកស្រី លេខាធិការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ លោក ធីប័រ បាឡូហ្គ៍ឌី ដែលទើបទទួលបានការតែងតាំងថ្មី និងបានថ្លែងអំណរគុណដល់ភាគីហុងគ្រី ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម។

ឯកអគ្គរាជទូត បានថ្លែងអំណរគុណ លោកស្រី រដ្ឋលេខាធិការ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុង វិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានកត់សម្គាល់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះ ព្រមទាំងវេទិកាជំនួបធុរកិច្ចរវាងកម្ពុជា-ហុងគ្រី  ដែលសម្រេចបានយ៉ាងរលូន ជាមួយនឹងលទ្ធផលជាផ្លែផ្កា ក៏ដូចជាភាពរីកចម្រើនក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលឆ្លុះបញ្ចាំងដោយកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី។

ស្របគ្នាដែរ ភាគីទាំងពីរ ក៏បានបង្ហាញនូវឆន្ទៈក្នុងការគ្រោងរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងជំនួបធុរកិច្ចលើកទី២ នៅអំឡុងឆមាសទី២ ឆ្នាំ២០២៣ នាពេលខាងមុខ។

បន្ថែមពីនេះ ភាគីកម្ពុជា ក៏បានស្នើភាគីហុងគ្រីក្នុងការផ្តល់អាហារូបករណ៍បន្ថែម និងវគ្គបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីជំនាញ ដែលគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការចូលរួមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ភាគីហុងគ្រី ក៏បានបង្ហាញពីការគាំទ្រនិងលើកទឹកចិត្តដល់និស្សិតនិងមន្រ្តីកម្ពុជា ក្នុងការចូលរួមដាក់ពាក្យឱ្យបានច្រើន។ ជាពិសេស ភាគីហុងគ្រី បានបង្ហាញពីសញ្ញាណវិជ្ជមានចំពោះការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP+ នៅពេលដែលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។

 គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងហុងគ្រី នៅឆ្នាំ២០២២ សម្រេចបានប្រមាណ ៧.៤៤លានដុល្លារ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ (សម្រេចបានប្រមាណ ៤លានដុល្លារ)។

ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផលឱសថ និងវត្ថុធ្វើអំពីស្បែកជាដើម។ រីឯទំនិញនាំចូល សក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ វត្ថុផ្សេងៗធ្វើពីលោហធាតុធម្មតា គីមីសរីរាង្គ ផលិតផលធ្វើពីទឹកដោះ សរសៃអំបោះសិប្បនិម្មិត ផលិតផលកែច្នៃចេញពីសាច់ សាច់ត្រី ឬគ្រាប់ធញ្ញជាតិ។ល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026