Register Already an agent ? Login

ន.អ.ប នឹងចាត់វិធានការផ្លូវច្បាប់ ឬដកហូតអាជ្ញាបណ្ណលើអាជីវកម្មអចលនវត្ថុ ដែលដាក់របាយការណ៍មិនទាន់ពេល

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នឹងចាត់វិធានការតាមផ្លូវច្បាប់រួមមាន ការផាកពិន័យ ការហាមឃាត់ធ្វើប្រតិបត្តិការ និងអាចឈានដល់ការព្យួរអាជ្ញាបណ្ណ ឬដកហូតអាជ្ញាបណ្ណ និង/ ឬវិធានការផ្សេងទៀតទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចំពោះអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ ដែលដាក់របាយការណ៍យឺតយ៉ាវ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ ន.អ.ប ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានក្រើនរម្លឹកដល់ ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោងដែលទទួលបាន អាជ្ញាបណ្ណប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ ​អាជីវកម្មផ្ដល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំនិង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានពី ន.អ.ប ឬ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបំពេញកាតព្វកិច្ចផ្ដល់របាការណ៍ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដូចខាងក្រោម៖

១-សម្រាប់អ្នកប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ៖ របាយការណ៍ប្រចាំខែ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី៧ នៃថ្ងៃធ្វើការនៃខែបន្ទាប់, របាយការណ៍ប្រចាំត្រីមាស ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី១ នៃត្រីមាសបន្ទាប់ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១ នៃខែមេសានៃឆ្នាំបន្ទាប់។

២-សម្រាប់អ្នកប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍៖ របាយការណ៍ប្រតិបត្តិការនៃការលក់-ទិញប្រចាំត្រីមាស៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី១ នៃត្រីមាសបន្ទាប់ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១ នៃខែមេសានៃឆ្នាំបន្ទាប់។

៣-ចំពោះអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ៖ របាយការណ៍ប្រចាំខែ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៦ នៃខែបន្ទាប់, របាយការណ៍ប្រចាំត្រីមាស ត្រូវផ្តល់ឱ្យបានមុនដំណាច់ខែទី១ នៃត្រីមាសបន្ទាប់, របាយការណ៍ប្រចាំឆមាស ត្រូវផ្ដល់ឱ្យបានមុនដំណាច់ខែទី០១ នៃឆមាសបន្ទាប់ និងរបាយការណ៍ប្រចាំឆ្នាំ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១ នៃខែមេសានៃឆ្នាំបន្ទាប់។

៤-ចំពោះប្រកបអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវដាក់របាយការណ៍៖ របាយការណ៍ប្រតិបត្តិការអាជីវកម្មប្រចាំខែ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១៦ នៃខែបន្ទាប់ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១ នៃខែមេសានៃឆ្នាំបន្ទាប់។

អ្នកប្រកបអាជីវកម្មទាំងនេះ ត្រូវដាក់របាយការណ៍មក ន.អ.ប ដោយផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅ អគារ អ.ស.ហ. លេខ១៦៨F (ជាន់ទី៧) ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញប្រកាសថ្មីកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រកាសថ្មី បានកំណត់ឱ្យរាល់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុទាំងអស់ ត្រូវមានអាជ្ញាបណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)