Register Already an agent ? Login

លោក អ៊ុន ចាន់ដា បើកការដ្ឋានធ្វើផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែងជិត ១២គ.ម ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែងជិត ១២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧១ ភូមិអន្លង់ស្នូក ឃ៉ំអន្លង់ស្វាយ ដល់ភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក អ៊ុន ចាន់ដា បានថ្លែងថា ក្រោយពេលស្ថាបនាហើយសមិទ្ធផលជាផ្លូវ១ខ្សែនេះ គឺជាកម្មសិទ្ធ របស់ពុក ម៉ែ បង ប្អូន ហើយ ដូច្នេះសូមទទួលយកទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍តាមបំណងប្រាថ្នា។

ទន្ទឹមនឹងនោះ គម្រោងខាងលើ គឺបានមកពីការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ដែលបានទន្ទឹងជាយូរឆ្នាំមកហើយ ។ បើតាមការថ្លែងបន្តរបស់ លោក អ៊ុន ចាន់ដា។

លោក បានថ្លែងបញ្ជាក់ថា ផ្លូវនេះនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជាពិសេស បងប្អូនប្រជាពលរដ្ឋទាំង ២ឃុំ ទាំងពេលវេលាធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការផ្សារភ្ជាប់ពីទីប្រជុំជនមួយទៅទីប្រជុំមួយទៀត ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាលគឺ៖ ផ្លូវ-ទឹក-ភ្លើង-និងមនុស្ស។

លោក អភិបាលខេត្ត បានថ្លែងបន្ថែមថា ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការប្រែក្លាយស្រុកទេស ក៏ដូចជាមូលដ្ឋានសហគមន៍ឱ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់បានរស់នៅប្រកបដោយផាសុកភាព និងធ្វើឱ្យកម្រិតជីវភាពគ្រួសារកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

ដោយឡែក ទន្ទឹមនឹងគម្រោងបានចាប់ផ្ដើមដំណើរការស្ថាបនា នាពេលនេះដែរ អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ យោគយល់ និងអត់ធ្មត់ ចូលរួមសហការជាមួយអាជ្ញាធរដើម្បីឱ្យដំណើរការស្ថាបនាផ្លូវនេះបានចប់សព្វគ្រប់ទៅតាមផែនការនឹងទទួលបានសមិទ្ធផលដ៏ស្រស់ស្អាតប្រកបដោយគុណភាព ទុកសម្រាប់ប្រើប្រាស់បានយូរអង្វែងតទៅអនាគត។

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់នៅពេលទទួលបានផ្លូវថ្មីហើយ សូមចូលរួមថែរក្សា ដើម្បីជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយបានប្រើប្រាស់ ជាពិសេស សូមឱ្យបងប្អូនប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)