Register Already an agent ? Login

ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនថ្មីចំនួនជាង ១ម៉ឺនក្រុមហ៊ុន ខណៈជិត ១ពាន់ក្រុមហ៊ុនស្នើលុប ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនថ្មី ១០,៧០១ក្រុមហ៊ុន ក្នុងឆ្នាំ២០២២ កើន៣៩.៣៩% បើធៀបនឹងឆ្នាំ២០២១ មានចំនួនត្រឹមជាង ៧,៦៧៧ក្រុមហ៊ុន។ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម។

ក្រុមហ៊ុនថ្មី ដែលបានស្នើសុំចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម មានដូចជា ក្រុមហ៊ុនមូលធនមាន ៤,៧៤៧ក្រុមហ៊ុន, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសមាន ៤៤ក្រុមហ៊ុន និងសហគ្រាសឯកបុគ្គលមាន ៥,៩១០ក្រុមហ៊ុន។ បើតាមការបញ្ជាក់នៅក្នុងបាយការណ៍។

ការកើនឡើងនៃការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ ជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ ដោយសារតែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩បានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បានធ្វើឱ្យការបើកអាជីវកម្មនានា ដំណើរការឡើងវិញស្ទើរតែគ្រប់វិស័យ ជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា។

ពិសេសកម្ពុជា បានអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ធ្វើឱ្យក្រុមហ៊ុនជាច្រើន យកចិត្តទុកដាក់និងយកប្រទេសកម្ពុជា ជាទិសដៅក្នុងការវិនិយោគ។ បើតាមការបញ្ជាក់របស់ លោក លឹម ហេង បានបន្តទៀតថា ជាក់ស្ដែងតាមរយៈក្រសួងពាណិជ្ជកម្ម មានការកើនឡើងនៃចំនួនអ្នកស្នើសុំចុះបញ្ជី ចំណែកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏រក្សាបាននូវចំនួនគម្រោងវិនិយោគចុះបញ្ជីផងដែរ ដែលជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ច ក្នុងឆ្នាំបន្ដបន្ទាប់ខាងមុខទៀត។

បើតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា នៅឆ្នាំ២០២២ មានក្រុមហ៊ុនចំនួន ៨៨៨ក្រុមហ៊ុន បានស្នើសុំលុបឈ្មោះ ចេញពីបញ្ជីក្រសួងពាណិជ្ជកម្ម កើន៣៨% បើធៀបនឹងឆ្នាំ២០២១ មានតែ៦៤៣ក្រុមហ៊ុនប៉ុណ្ណោះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)