Register Already an agent ? Login

អគារមន្ទីរពេទ្យតេជោសែនកោះធំ ឋិតនៅស្រុកកោះធំ សម្រេចបានជាង ៨០% គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣

កណ្ដាល៖ អគារមន្ទីរពេទ្យតេជោសែនកោះធំ ឋិតនៅស្រុកកោះធំ សម្រេចបានប្រមាណ ៨០.៥១% គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ បើតាមការចុះត្រួតពិនិត្យរស់ លោក ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ ដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនកាគ្រោងទុក ប្រកបដោយចីរភាព នឹងឈានដល់ការដាក់ដំណើរជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

ការចុះពិនិត្យអគារមន្ទីរពេទ្យតេជោសែនកោះធំ នៅក្នុងស្រុកធំ ខេត្តកណ្ដាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ និងរួមដំណើរពីលោកអភិបាល អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាភិបាលស្រុក សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ។

មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ ១០លានដុល្លារ។ ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ ៦លាន២សែនដុល្លារ និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារ ថែមទៀត។

បន្ថែមពីលើនោះមន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាពិសេសចំពោះពលរដ្ឋអ្នកស្រុកកោះ លែងមានផលលំបាកក្នុងការធ្វើដំណើរឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផង។

គូសបញ្ជាក់ថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោក ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ។

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន ៣ខ្នង, ទី១-អគារមន្ទីរពេទ្យចំនួន ១ខ្នង មាន ៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣,៥១៤.៨ម៉ែត្រការ៉េ ជាន់ទី១ មានទំហំ ៣,៥១៤.៨ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣,៥១៤.៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០,៥៤៤.៤ម៉ែត្រការ៉េ។

ទី២-អគារខាងឆ្វេង ចំនួន ១ខ្នង មាន ២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ម៉ែត្រការ៉េ។ ទី៣-អគារខាងស្ដាំចំនួន ១ខ្នង មាន ២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ម៉ែត្រការ៉េ។

អគារទាំង៣ ខាងលើមានទំហំសរុបស្មើនឹង ១២,៥៤៤.៤ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ហើយបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងសម្រេចតាមផែនការ ឈានដល់ការសម្ពោធដាក់ដំណើរការនាពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)