Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិទាំង៣ នៅភ្នំពេញ៤៣% សៀមរាប៦៣% និងកោះកុង៩០%

ភ្នំពេញ៖ វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ដំណាក់កាលទី១ សម្រេចបាន ៤៣%, អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រេចបានប្រមាណ ៦៣% និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ សម្រេចបានជាង ៩០%។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ដំណាក់កាលទី១ ចំណាយថវិកាសរុបចំនួន ៦១៧លានដុល្លារ គ្រោងបញ្ចប់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ២០២៤។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចំណាយថវិកាសរុបចំនួន ៤៧៣លានដុល្លារ គ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣នេះ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ចំណាយថវិកាប្រមាណ ១៨០លានដុល្លារ គ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣នេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបង្ហាញការរំពឹងថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរវាង​កម្ពុជានិងចិន នឹង​វិលមកភាពប្រក្រតីឡើងវិញ ក្នុងរង្វង់ ៣០% ទៅ៤០% បើធៀបទៅមុនវិបត្តិជំងឺកូវីដ-១៩ ឬឆ្នាំ២០១៩ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីចិនបើកប្រទេសឡើងវិញ។

អាអាជ្ញាធរ​អាកាសចរ​ស៊ីវិលនៃប្រទេសទាំងពីរ បានឯកភាពគ្នាដាក់ដំណើរការ ជើងហោះហើរជាប្រក្រតីឡើងវិញ ដោយអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគីឡើងវិញ និងពុំមានការរឹតត្បិត ឬកំណត់ចំនួនជើងហោះហើរទៀតឡើយ។ បើតាមការថ្លែងបន្តរបស់ លោក ស៊ីន ចាន់សិរីវុត្ថា។

បើតាម លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងឱ្យដឹងថា នៅមុនពេលវិបត្តិជំងឺកូវីដ-១៩ ជើងហោះហើររវាងប្រទេសទាំងពីរ គឺមានសរុបចំនួន ៤១៥ជើង ក្នុងមួយសប្តាហ៍​។

លោក បានបន្ថែមថា ចំណែកក្រុមហ៊ុនអាកាសចរណ៍ហោះហើរ រវាងប្រទេសទាំងពីរមានចំនួន ២២ក្រុមហ៊ុន​ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ចិន មានចំនួន ១៦ក្រុមហ៊ុន និងកម្ពុជាមាន ៦ក្រុមហ៊ុន​ ដោយភ្ជាប់​ការហោះហើរទៅកាន់ទីក្រុងចំនួន៣៧​ ក្នុងនោះខាងកម្ពុជាមានចំនួន ៣ទីក្រុង និងចិនមានចំនួន ៣៤ទីក្រុង។

សូមរម្លឹកថា ក្នុងឆ្នាំឆ្នាំ២០២២​ កម្ពុជាទទួលបានអ្នកដំណើរចំនួនជាង ២លាននាក់ ​កើនឡើងជិត៩០០% បើធៀបនឹងឆ្នាំ២០២១​។ ចំណែក​ជើងហោះហើរមានចំនួនជិត ៣ម៉ឺនជើង ​កើនឡើងជាង ២៦០%។ ​ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាសសម្រាប់ប្រទេសកម្ពុជា នឹងអាចកើតឡើងស្មើនឹងឆ្នាំ២០១៩ គឺនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ស្របទៅតាមនិន្នាការនៃការស្ទុះងើបឡើងវិញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)