Register Already an agent ? Login

ស្ពានខ្សែកាប ឫស្សីកែវឆ្លងកាត់ទន្លេសាប ទៅកាន់តំបន់ជ្រោយចង្វារ នឹងបើកដំណើរការនៅខែមេសា ឆ្នាំ២០២៣

ភ្នំពេញ៖ ស្ពានបេតុងយោងដោយខ្សែកាបដ៏ស្រស់ស្អាត តភ្ជាប់រវាងផ្លូវជាតិលេខ៥ ទៅកាន់តំបន់ជ្រោយចង្វារ នឹងបើកដំណើរការនៅខែមេសា ឆ្នាំ២០២៣។ បើតាមការឱ្យដឹងពី លោក លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ថា អាចនឹងមុនបុណ្យចូលឆ្នាំខ្មែរ។

គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានសម្រេចបាន ៩៣% នៃគម្រោង ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣នេះ។ ស្ពានបេតុងនេះ ត្រូវសាងសង់ចេញពីចំណុចឃ្លាំងស្តុកសាំងសូគីម៉ិច ផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេសាបទៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ស្ពានខ្សែកាបនេះ មានប្រវែង ៦៤២ម៉ែត្រ ទទឹង ២០.៥ម៉ែត្រ មានសសរទាញខ្សែកាបចំនួន ៤កម្ពស់ ៤០ម៉ែត្រ ធៀបនឹងកម្រាលស្ពាន។ ស្ពានបេតុងនេះត្រូវសាងសង់ឡើង ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ពលរដ្ឋ ដោយនឹងសម្រួលបានមួយផ្នែកចំពោះអ្នកដំណើរដែលចង់ឆ្លងកាត់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦។

ស្ពានបេតុងនេះ ត្រូវចំណាយថវិកា ៣៥លានដុល្លារ និងជាង ៩លានដុល្លារ សម្រាប់ស្ពានដែកប៉ាឡេចំណាយការសាងសង់ដោយក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា ស្ពានយោងដោយខ្សែកាបនេះ ជាស្ពានទី៥ ដែលបាននិងកំពុងសាងសង់ឆ្លងកាត់ទន្លេសាប ដែលទី១ គឺស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ទី២ ស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វារ ទី៣ ស្ពានមិត្តភាពកម្ពុជា-ចិនព្រែកព្នៅ ទី៤ ស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្ដាម។

គម្រោងនេះ នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។ បើតាមការលើកឡើងកន្លងរបស់ លោក នីស៊ីហារ៉ា វីរ៉ាស៊ន ប្រធានគ្រប់គ្រងគម្រោងស្ពាននេះ បានបន្តថា ស្ពាននេះនឹងជួយសម្រួលការកកស្ទះចរាចរណ៍ នៅតំបន់រង្វង់មូលជ្រោយចង្វារ នៅពេលសាងសង់រួច ព្រោះបច្ចុប្បន្ននៅម៉ោងបំពេញការងារ តែងតែមានការកកស្ទះចរាចរណ៍នៅតំបន់ជ្រោយចង្វារ។

លោក នីស៊ីហារ៉ា វីរ៉ា ស៊ន បានបន្តថា លើសពីនេះស្ពានឆ្លងកាត់ទន្លេសាបនេះ នឹងជំរុញការអភិវឌ្ឍ នៅលើទីក្រុងរណបជ្រោយចង្វារផងដែរ ខណៈ បច្ចុប្ប​ន្នទីក្រុងរណបនេះកំពុងលេចឡើងនូវគំរោងអភិវឌ្ឍន៍ជាច្រើន ទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ លំនៅដ្ឋាន និងសួនកម្សាន្តជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)