Register Already an agent ? Login

ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានប្រមាណ ៥២,៤២ប៊ីលានដុល្លារ កើន៩,១% ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិ សម្រេចបានទំហំពាណិជ្ជកម្មល្អប្រសើរ ក្នុងនោះទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ប៊ីលានដុល្លារ ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ បើតាមការថ្លែងរបស់ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងបន្តថា ក្នុងនោះ ការនាំចេញមានចំនួន ២២,៤៨ប៊ីលានដុល្លារ គឺកើនឡើង ១៦% និងការនាំចូលមានចំនួន ២៩,៩៤ប៊ីលានដុល្លារ គឺមានការកើនទ្បើង ៤%។

ចំពោះការនាំចេញទំនិញពីកម្ពុជា លោក រដ្ឋមន្រ្តី បានលើកឡើងថា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ពោលគឺមានការកើនឡើងប្រមាណ ៩.១% ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ផងដែរ។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងបន្តថា តាមរយៈទិសដៅការងារពាណិជ្ជកម្មដែលបានដាក់ចេញកាលពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ ក្រសួងក៏បានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញ តាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានា ដូចដែលបានលើកឡើងពីខាងដើម  ធ្វើឱ្យទីផ្សារទំនិញ  សេវាកម្ម  និងវិនិយោគ  កម្ពុជាកាន់តែទូលំទូលាយ។ បើតាមការលើកឡើងបន្តរបស់ លោក ប៉ាន សូរស័ក្តិ។

លោក បានបន្ថែមថា ជាងនេះទៅទៀត ការការពារកម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ ព្រមទាំងការបង្ក្រាបការក្លែងបន្លំនូវផលិតផលជាទំនិញ និងសេវាកម្មគ្រប់ប្រភេទ ក៏ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់និងប្រកបដោយស្មារតីទទួលខុសត្រូវបំផុត។

ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស បានជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់មានជាអាទិ៍ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងសម្រួលការធ្វើពាណិជ្ជកម្ម តាមរយៈការជំរុញឱ្យបណ្តាស្ថានីយ៍បង្ហាញថ្លៃប្រេងជាសាធារណៈរៀងរាល់ថ្ងៃ ការទិញ-លក់អង្ករក្នុងស្រុក ដោយសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាទប់ស្កាត់ការដំឡើងថ្លៃអង្ករ រក្សាស្ថិរភាពថ្លៃស្រូវ និងធ្វើអន្តរាគមន៍ទីផ្សារទំនិញចាំបាច់មួយចំនួន ដែលបម្រើឱ្យសេចក្ដីត្រូវការប្រចាំថ្ងៃនៃប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ព្រមទាំងជំរុញយន្តការដោះស្រាយបញ្ហាជូនដល់កសិករ និងផលិតករ។ បើតាមការលើកឡើងបន្ថែមទៀតរបស់ លោក ប៉ាន សូរស័ក្តិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)