Register Already an agent ? Login

ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារជុំវិញក្រុងបាត់ដំបងនឹងមានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ ខណៈកំពុងសាងសង់ថ្មី

បាត់ដំបង៖ ប្រជាពលរដ្ឋ ១៥,៧៨៥គ្រួសារ លើ១៤ភូមិ ឬ ៣២% នៃគ្រួសារ ដែលភាគច្រើនគឺភូមិនៅតំបន់ជុំវិញទីប្រជុំជនក្រុងបាត់ដំបង មិនទាន់មានទឹកស្អាតប្រើប្រាស់ប្រាស់នៅឡើងទេ។ បើតាមរបាយការណ៍រដ្ឋាករទឹកខេត្តបាត់ដំបង បានបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មី នឹងផ្គង់ផ្គង់បំពេញដល់តម្រូវការនៅត្រឹមឆ្នាំ២០២៥។

បច្ចុប្បន្ន រដ្ឋាករទឹកខេត្តបាត់ដំបងកំពុងបំពេញប្រតិបត្តិការលើតំបន់សេវារបស់ខ្លួនលើ ៣/ក្រុងស្រុក ស្មើនឹង ១០សង្កាត់ក្នុងក្រុងបាត់ដំបង និង៧ឃុំ នៃស្រុកសង្កែ និងស្រុកថ្មគោល ស្មើនឹង ៩៩ភូមិ ដែលមានប្រជាជន ២៥២,៥៨៣នាក់ ប្រមាណ ៥ម៉ឺនគ្រួសារ។

ជាមួយនឹងសមត្ថភាពផលិត ៣៣,៥០០ម៉ែត្រគូប ក្នុង១ថ្ងៃ របស់រដ្ឋាករទឹកខេត្ត បានផ្តល់លទ្ធភាពឱ្យអង្គភាពមួយនេះធ្វើការផ្គត់ផ្គង់ទឹកស្អាតដល់ជាង ៣៤,៧០០គ្រួសារ នៃ ៨៥ភូមិ/លើ៩៩ភូមិ ស្មើនឹង ៣៤,៧៣១គ្រួសារ នឹងត្រូវជា ៦៨%នៃចំនួនគ្រួសារក្នុងតំបន់សេវា។

ប្រជាពលរដ្ឋប្រមាណ ១៥,៧៨៥គ្រួសារ លើ១៤ភូមិទៀត ឬ ៣២% នៃគ្រួសារ ដែលភាគច្រើនគឺភូមិនៅតំបន់ជុំវិញទីប្រជុំជនក្រុងបាត់ដំបង ដែលរដ្ឋាករទឹកខេត្តត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការទាំងអស់នោះដែលនៅចន្លោះសេសសល់។

ដោយផ្អែកលើស្ថានភាពនេះ និងដោយផ្អែកលើចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយក្នុងការអភិវឌ្ឍខេត្ត ទើបរាជរដ្ឋាភិបាលផ្តល់ការគាំទ្រ និងឱកាសដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តគម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីមួយនេះនៅខេត្តបាត់ដំបង ដែលមានទឹកប្រាក់ប្រមាណ ២៩,៨៧លានដុល្លារ។

ជាមួយនឹងសមត្ថភាពបន្ថែមថ្មីក្នុងការផ្គត់ផ្គង់ទឹកស្អាត ៥០,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ នឹងបំពេញគ្រប់គ្រាន់ដល់តម្រូវការទឹកស្អាតសម្រាប់ទីប្រជុំជនក្រុងបាត់ដំបង នៅត្រឹមឆ្នាំ២០២៥ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនឱ្យបាន ១០០%។

ផ្តើមចេញពីការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់នេះហើយ ទើបអាចជួយដល់ការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនយើង ហើយយើងមានលទ្ធភាពអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់ ស្រុក ក្រុង ខេត្តរបស់យើង។ កាដូជាសមិទ្ធផលថ្មីនេះរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជួយដោះស្រាយបញ្ហាទាំងអស់នេះ។ ហេតុដូច្នេះហើយបានជាកម្ពុជាមានពាក្យស្លោកថា «បានទឹកផឹក មិនភ្លេចប្រភពទឹក»។ បើតាមការថ្លែងរបស់ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក លោក ចម ប្រសិទ្ធ បានថ្លែងបន្តថា ដើម្បីឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់ថា ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន។

គូសបញ្ជាក់ដែរថា គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត នេះទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងបញ្ចប់ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)