Register Already an agent ? Login

កម្ពុជា អំពាវវិនិយោគិនកូរ៉េបណ្ដាក់ទុននៅកម្ពុជា ចាប់យកនូវឧត្តមភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិសេសកិច្ចព្រមព្រៀងប្រទេសទាំងពីរ

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវឱ្យវិនិយោគិនកូរ៉េបណ្ដាក់ទុននៅកម្ពុជាដោយចាប់យកនូវឧត្តមភាពដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលចូលជាធរមាននៅថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២២ និងការលើកទឹកចិត្តវិនិយោគក្រោមក្របខណ្ឌនៃច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ចូលជាធរមានថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

នៅក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ ដែលសហការដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចគាំទ្រពីធនាគារ គូកមីន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា បានលើកទឹកចិត្ត ជាពិសេស ដល់វិនិយោគិនកូរ៉េ ក្នុងវិស័យអេឡិចត្រូនិក ពិចារណាវិនិយោគនៅកម្ពុជា។

លោក បានថ្លែងបញ្ជាក់ថា កម្ពុជា ជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដោយសារវិនិយោគិនកូរ៉េមានឧត្តមភាពក្នុងវិស័យនេះ ហើយរាជរដ្ឋាភិបាលកម្ពុជា ទើបតែអនុម័តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ពាក់ព័ន្ធនឹងការវិនិយោគ រដ្ឋមន្រ្តីអមប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់កូរ៉េនៅកម្ពុជានាពេលកន្លងមក ដែលមិនត្រឹមតែបាននាំមកនូវទុនវិនិយោគ និងបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវស្មារតីមោះមុតជម្នះគ្រប់ឧបសគ្គផងដែរ។

លោក បានបន្ថែមថា ជាការកត់សម្គាល់ កាលពីចុងឆ្នាំ២០២២ កន្លងទៅ រដ្ឋាភិបាលប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្ជាប់ពីភ្នំពេញនិងអរិក្សត្រ ក្នុងទឹកប្រាក់ប្រមាណ ២៤៦លានដុល្លារ ដែលនឹងជួយពង្រឹងផ្នែកដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។

សូមបញ្ជាក់ ការចាប់យកនូវឧត្តមភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

គូសបញ្ជាក់ថា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ មានការអញ្ជើញចូលរួមពី លោក Ahn Dukgeun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ, លោក Kang Jae Kwon អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាជាប្រចាំសាធារណរដ្ឋកូរ៉េ, លោក Cho Nam Hoon ប្រធានសារជីវកម្មធុរកិច្ចសកលនៃធនាគារ គូកមីន, តំណាងវិស័យឯកជននៃប្រទេសទាំងពីរសរុបប្រមាណ ២០០នាក់៕

ដោយ៖ មឿន ឌីណា (M,oeun Dyna)