Register Already an agent ? Login

យន្តហោះមកពីចិន នាំភ្ញៀវទេសចរចិនជាង ១០០នាក់ ចុះចតនៅខេត្តព្រះសីហនុលើកដំបូង

ព្រះសីហនុ៖ បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន ១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦នាក់ទៀត សរុប ១២០នាក់។

ក្រុមហ៊ុន Ruili Airline បានដឹកអ្នកដំណើរ និងភ្ញៀវទេសចរចិនទាំង ១០៤នាក់ ចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេង។

ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះដែរ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុជាដើម ដោយមានរបាំឆៃយ៉ាំសម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា នាឱកាសទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរមកពីប្រទេសចិន នៅអាកាសយានដ្ឋានព្រះសីហនុលើកដំបូងនោះ កម្ពុជាក៏មានរៀបចំបដាស្វាគមន៍ និងបានផ្សព្វផ្សាយពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរមកពីចិន និងមកពីជុំវិញពិភពលោក។

លោក បានបញ្ជាក់ថា មិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះភ្ញៀវទេសចរចិនទាំងនោះឡើយ ពោលគឺពួកគេអាចធ្វើដំណើរកម្សាន្តដោយសេរីនៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីខេត្តព្រះសីហនុនេះហើយ យើងនឹងរៀបចំការទទួលបដិសណ្ឋារកិច្ចចំពោះទេសចរមកពីប្រទេសចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបបន្តទៀត។

គួរជម្រាបថា ចាប់តាំងពីប្រទេសចិនបានកែលម្អវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរឡើងវិញនោះមក រដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចធ្វើដំណើរទៅក្រៅប្រទេសបានឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣កន្លងមក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រយ៉ាងពេញទំហឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះ​ឈ្មួញបន្តលួចនាំចូលសាច់បង្កកនិងសាច់ក្លាស្សេ ខណៈបច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សាច់នៅក្នុងស្រុក
Mon, 22 Jun 2026
កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Mon, 22 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Mon, 22 Jun 2026