Register Already an agent ? Login

ក្រុមហ៊ុនធំៗបារាំង ចាប់អារម្មណ៍ដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនធំៗរបស់បារាំង បានផ្ដល់ចំណាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងប្រទេសកម្ពុជា បន្ទាប់ពី លោក ស៊ុន ចាន់ថុល ជម្រាបជូនអំពីការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា។ ជាមួយគ្នានេះក៏មាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ ​(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail។

នៅក្នុងឱកាសអនុញ្ញាតឱ្យលោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគណៈប្រតិភូបារាំង ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងជំនួបដែលធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីការតភ្ជាប់ បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាននិងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវ២គន្លង ទៅ៤គន្លង។ លោក បានបន្តថា ជាមួយគ្នានោះ ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្ដើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនងនិងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

រំលេចជាពិសេសនៅក្នុងជំនួបនាឱកាសនេះ លោក ទេសរដ្ឋមន្ត្រី បានជម្រាបពីគម្រោងជាប្រវត្តិសាស្រ្ត ដែលកម្ពុជាទើបសម្រេចបានគឺ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងធំៗជាច្រើនដែលកំពុងសិក្សារួមមាន៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាដើម។

បើតាមជំនួបខាងលើ ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដឹកជញ្ជូនសាធារណៈ លោក François Corbin បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមអភិវឌ្ឍការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ។

នៅក្នុងជំនួបនោះ គណៈប្រតិភូបារាំង បានចូលរួមមតិយ៉ាងផុសផុល និងបានផ្ដល់ចំណាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងប្រទេសកម្ពុជា ដែលនេះបង្ហាញឱ្យឃើញនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបារាំង ឱ្យកាន់តែប្រសើរឡើងថែមទៀត។

បើតាមកិច្ចប្រជុំនេះនឹងជួយពង្រីកនូវទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់ប្រទេសបារាំង ដែលវិនិយោគលើគ្រប់វិស័យ រួមមានវិស័យធនាគារជាដើមឱ្យកាន់តែមានភាពជិតស្និទ្ធ ហើយក្នុងនោះផងដែរ លោក ទេសរដ្ឋមន្ត្រី និងក្រុមហ៊ុនធំៗរបស់បារាំងបានឯកភាពនឹងពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ដើម្បីអាចមានលទ្ធភាពយកការសិក្សារួមគ្នានាពេលកន្លងមកអនុវត្តបន្ត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)