Register Already an agent ? Login

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបានប្រមាណ ១ប៊ីលានដុល្លារ កើន២៤% នៅឆ្នាំ២០២២

 ភ្នំពេញ៖ ចក្រភពអង់គ្លេស គឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាលរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីសម្រេចបានប្រមាណ ១ប៊ីលានដុល្លារ នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ២៤% បើប្រៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៧៨៦លានដុល្លារ។ បើតាមការលើកឡើងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ដែលបានទទួលជួបពិភាក្សាការងារជាមួយ លោក Dominic WILLIAMS ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបន្តថា ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅចក្រភពអង់គ្លេស រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កង់ និងផលិតផលកសិកម្មជាដើម រីឯទំនិញនាំចូលសក្តានុពលពីចក្រភពអង់គ្លេសមកកម្ពុជាវិញ រួមមាន៖ គ្រឿងយន្ត ឱសថ និងភេសជ្ជៈ។ល។

បើតាមជំនួបនោះ លោក ប៉ាន សូរស័ក្ដិ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកអគ្គរាជទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលតែងតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់កម្ពុជា លើវិស័យសក្តានុពលនានា រួមមាន៖ ពាណិជ្ជកម្ម សុខាភិបាល អប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបរិច្ចាគវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាដើម។

បន្ថែមពីនេះ លោក រដ្ឋមន្រ្តី បានបង្ហាញនូវការពេញចិត្តចំពោះការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ ដែលការផ្តល់នេះបានរួមចំណែកក្នុងការគាំទ្រដល់ធុរជន និងវិនិយោគិនកម្ពុជា ជំរុញការនាំចេញ បង្កើនឱកាសការងារ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសចូលរួមក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ភាគីកម្ពុជា ក៏បានស្នើសុំភាគីចក្រភពអង់គ្លេស ពិចារណាក្នុងការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្ម ផងដែរ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងប្រទេសទាំងពីរ នាពេលសមស្របខាងមុខ ដើម្បីជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)