Register Already an agent ? Login

គម្រោងកែលម្អផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីសៀមរាប ទៅខេត្តឧត្តរមានជ័យ ចំណាយ ២លានដុល្លារ នឹងបញ្ចប់នៅឆ្នាំ២០២៤

សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ទៅដល់ភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំខាងលើ ក៏មានចូលរួមពីក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន មន្ទីរជំនាញពាក់ព័ន្ធនៃខេត្តទាំងពីរ នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការហិរញ្ញវត្ថុ និង អាជ្ញាធរស្រុក ឃុំ ពាក់ព័ន្ធនៃខេត្តទាំងពីរផងដែរ។

លោក ប៉ែន កុសល្យ ផ្លូវមួយខ្សែប្រវែង ៦៨គីឡូម៉ែត្រ ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលមានគម្រោងស្ថាបនាផ្លូវ DBST  ឆ្លងកាត់ភូមិអង្កាញ់ ឃុំស្វាយលើ ទៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុន លី ឈួន ត្រូវបានរាជរដ្ឋាភិបាលបានឱ្យផ្អាកមួយរយៈ។

ផ្លូវមួយខ្សែនេះផ្តល់ អត្ថប្រយោជន៍ដល់ខេត្តទាំងពីរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅកាន់ច្រកព្រំដែនទៀតផង។ ម្យ៉ាងទៀតផ្លូវនេះដែរ គឺជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជួយសម្រួលនូវភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរ។ បើតាមគូសបញ្ជាក់របស់ លោក ប៉ែន កុសល្យ។

លោក ទៀ សីហា បានលើកឡើងថា សក្តានុពលរបស់ខេត្ត មានវិស័យកសិកម្ម វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចមួយមិនចេះរីងស្ងួតរបស់កម្ពុជា ដោយកត្តានេះហើយ ទោះបីប្រទេសកម្ពុជាបានជួបនូវវិបត្តិជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ថវិកា ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងកែលម្អដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងគោលដៅលើកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែមានភាពប្រសើរឡើងវិញ។ ទាំងនេះក៏សរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានវិនិយោគក្នុងស្ថាបនាផ្លូវថ្នល់នេះ គឺដើម្បីសេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋ។

ឆ្លងតាមកិច្ចពិភាក្សា នៃអង្គប្រជុំក៏បានផ្តោតសំខាន់ទៅលើបច្ចេកទេសក្នុងការស្ថាបនាផ្លូវ និងថវិកា​ ក្នុងនោះ តំណាំងក្រុមហ៊ុន លី ឈួន ក៏បានលើកផងដែរថា ក្រោយពីការទូទាត់នូវថ្លៃសំណងដល់ក្រុមហ៊ុនរួចរាល់ បើក្រសួងឱ្យក្រុមហ៊ុនបន្តធ្វើ ក្រុមហ៊ុននឹងធ្វើបន្តផងដែរ។

តំណាងក្រសួងសាធារណការ បានបញ្ជាក់ថា គម្រោងផ្លូវមួយខ្សែនេះ គឺត្រូវបានប្រគល់ឱ្យកងវិស្វកម្មកងទ័ពស្ថាបនាបន្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រវែង ៤១គីឡូម៉ែត្រ និង ប្រវែង ២៧គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានប្រគល់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យជាអ្នកស្ថាបនា ក្នុងគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួង ដែលនឹងធ្វើឱ្យរួចរាល់នៅឆ្នាំ២០២៤។ គម្រោងផ្លូវនេះ មិនបានប្រគល់ឱ្យក្រុមហ៊ុន លី ឈួន ធ្វើបន្តទៀតឡើយ។

តាមការបញ្ជាក់ របស់តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា ក្រសួងបានផ្តល់ថវិកាចំនួន ២លានដុល្លា សម្រាប់ការសម្រួលផ្លូវឡើងវិញក្នុងភូមិសាស្ត្រខេត្តទាំងពីរ និងធ្វើសំណង់សិល្បៈការ្យ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និង ធ្វើស្ពាន ៣០កន្លែង ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ។

នាឱកាសនោះ អភិបាលខេត្តទាំងពីរ ក៏បានជំរុញឱ្យក្រុមហ៊ុន លីឈួន ពន្លឿនការរៀបចំធ្វើឯកសារ ដើម្បីធ្វើការទូទាត់រាល់សំណងក្នុងរយៈពេលស្ថាបនាផ្លូវមួយខ្សែនេះ។ លោក ទាំងពីរ បានបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះ ជាគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួងសាធារណៈកា រនិងដឹកជញ្ជូន ព្រមទាំងបានធ្វើការប្រគល់ឱ្យកងវិស្វកម្មកងទ័ព និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ធ្វើការស្ថាបនា ហើយផ្លូវមួយនេះជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ពទៀតផង ។

អភិបាលខេត្តទាំងពីរ បានបន្ថែមថា ម្យ៉ាងទៀត ក្រសួងជំនាញក៏ត្រូវរៀបចំបង្កើតក្រុមការងារ ក្នុងការត្រួតពិនិត្យ លើការងារនេះ ព្រមទាំងត្រូវអនុវត្តទៅតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យទទួលបានលទ្ធផលល្អទៀតផង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)