Register Already an agent ? Login

អ្នកជំនាញថា វិស័យអចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាព នៃការវិនិយោគរបស់ចិនសាជាថ្មី

ភ្នំពេញ៖ អ្នកជំនាញថា វិស័យអចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ ចិនសាជាថ្មី បន្ទាប់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញដោយ អនុញ្ញាតប្រជាពលរដ្ឋនិងជនបរទេស អាចធ្វើដំណើរចេញចូលប្រទេសចិន ដោយមិនចាំ បាច់ធ្វើចត្តាឡីស័ក។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានឱ្យលើកឡើងថា វិនិយោគិនចិនអាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគ លើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសក្តានុពលមួយចំនួនផ្សេងទៀត។

ការប្រកាសបើកប្រទេសរបស់ចិន គឺជាភាពវិជ្ជមានមួយសម្រាប់កម្ពុជាដោយសារ មុនពេលរីករាលដាលនៃជំងឺកូវីដ-១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូត ដល់៤០% ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេស ផ្សេងៗ។ កត្តាវិជ្ជមាននេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន ដែលនឹងធ្វើឱ្យវិស័យនេះ មានភាពរីកចម្រើននៅ ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយសម្រាប់វិស័យអចលនទ្រព្យ។

បើតាម លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា បើយើងក្រឡេកមកមើលពីស្ថានភាពទិញ លក់អចលនទ្រព្យនៅក្នុងទីផ្សារក្នុងស្រុកយើងវិញ ស្ថានភាពទិញលក់ បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗហើយ ជាក់ស្តែងដូចជាការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ទាំងនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក នៅតែលើកទឹកចិត្តដល់ពលរដ្ឋ ដែលមានលទ្ធភាពទិញខុនដូរ ឬផ្ទះល្វែងសម្រាប់ស្នាក់ នៅគ្រានេះ ជាឱកាសល្អព្រោះតម្លៃក្នុងពេលកូវីដ-១៩ ស្ថិតនៅក្រោមតម្លៃទីផ្សារ។

លោកស្រី Catherine Chan ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោងខុនដូ Urban Village &Factory Phnom Penh បានលើកឡើងថា ដោយសារការសម្រេចបើកប្រទេស ឡើងវិញយ៉ាងឆាប់រហ័សពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យស្ថានភាពវិស័យសំណង់ខុនដូ ក្នុងទីផ្សារកម្ពុជា ហាក់មានសកម្មភាពកម្រើកឡើងវិញ ដែលជាឱកាសល្អសម្រាប់វិនិយោគិន បរទេស និងក្នុងស្រុកអាចសម្លឹងមើលឱកាសវិនិយោគក្នុងឧស្សាហ៍កម្មនេះជាបន្តទៀត។

បើផ្អែកតាមរបាយការណ៍ផ្លូវការបានបង្ហាញថា ចាប់តាំងពីប្រទេសកម្ពុជា ជួបប្រទះនឹងជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២១មក ការវិនិយោគរបស់ចិនលើវិស័យសំណង់ ធ្លាក់ចុះ៥០% ដោយសារមិនមានវត្តមាន អ្នកវិនិយោគចិនចូលមកវិនិយោគលើ វិស័យនេះ។ ចំណែក៣០% ក្នុងចំណោម៥០% នៅមានសកម្មភាពសាងសង់ ហើយការសាងសង់នោះក៏នៅទ្រឹង ដោយសារមិនមានសកម្មភាពទិញលក់។ ប៉ុន្តែយ៉ាងណាក៏ដោយការវិនិយោគរបស់ចិន នៅតែឈរនៅលេខរៀងទី១ នៃការវិនិយោគសរុប ក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា បើតាមសារាចរណែនាំស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វិស័យសំណង់ ត្រូវបានព្យាករណ៍ថា នឹងបន្តងើបឡើងវិញ ក្នុងអត្រា ៧.២% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃរំហូរ វិនិយោគិនពីបរទេស សម្រាប់សំណង់ ដែលបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម៕

ប្រភព៖ AKP

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026