Register Already an agent ? Login

លោក ប៉ាន សូរស័ក្ដិ៖ កម្ពុជា រំពឹងកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ ៦.៦ភាគរយ នៅឆ្នាំ២០២៣

ភ្នំពេញ៖ កត្តាសំខាន់ៗ ដែលញ៉ាំងឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះរួមមាន៖ ភាពធន់នៃសេដ្ឋកិច្ចតាមរយៈអតិរេកស្បៀងបម្រុង និងប្រសិទ្ធភាពគោលនយោបាយឆ្លើយតបនឹងវិបត្តិកូវីដ-១៩, ទីតាំងភូមិសាស្រ្តដ៏ទាក់ទាញ, ការស្ដារនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាមួយនឹងច្បាប់វិនិយោគថ្មីដែលផ្តល់ការលើកទឹកចិត្ត និងការគាំពារដ៏សំបូរបែប ដោយរំពឹងកំណើនសេដ្ឋកិច្ចខ្ពស់កើនប្រមាណ ៦.៦% ក្នុងឆ្នាំ២០២៣។

ការថ្លែងខាងលើរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំធុរកិច្ចរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោ ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះការសហការដ៏ប្រពៃរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាភិបាលធុរកិច្ចកម្ពុជា-តួកគី ក្នុងការរៀបចំកិច្ចប្រជុំធុរកិច្ចនេះ ដែលផ្តល់នូវឱកាសជូនវិស័យឯកជននៃប្រទេសទាំងពីរ ឈ្វេងយល់ពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដើម្បីចាប់ដៃគូពាណិជ្ជកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច។

នៅក្នុងកិច្ចប្រជុំនោះ លោក វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្រ្តីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់តួកគី បានកោតសរសើរចំពោះសន្ទុះនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាមួយនឹងអត្រាកំណើនខ្ពស់របស់កម្ពុជា និងបានគូសបញ្ជាក់ជាថ្មីអំពីឆន្ទៈជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើគ្រប់វិស័យ។

លោក បានបន្តថា ជាពិសេសកសិកម្ម វាយនភណ្ឌ យានយន្ត ថាមពលកកើតឡើងវិញ និងកម្មន្តសាល -ល- ដោយសង្កេតឃើញពីសក្តានុពលទីផ្សារនាំចេញដ៏សំបូរបែបរបស់កម្ពុជា (រួមមានទីផ្សារអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាសម្រេចបាន)។

ក្នុងនោះដែរ លោក វ៉ាហ៊ីត គីរីស៊ី ក៏បានបង្ហាញពីបំណងជំរុញពាណិជ្ជកម្មសេវា ជាពិសេសទេសចរណ៍ និងការសាងសង់ ព្រមទាំងបានជម្រាបពីលទ្ធភាពនៃការបញ្ជូនទីប្រឹក្សាពាណិជ្ជកម្មតួកគីមកប្រចាំកម្ពុជា នាពេលខាងមុខ។

ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក ម៉ាហៀ អើប (Mahir Alp) ប្រធានក្រុមប្រឹក្សាភិបាលធុរកិច្ចកម្ពុជា-តួកគី បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ក៏ដូចជាវិស័យ និងអនុវិស័យសំខាន់ៗ ជាមួយនឹងយថាប្រភេទនៃទំនិញ និងសេវាកម្ម ដែលមានសក្តានុពលសម្រាប់កិច្ចសហការរវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ។

ក្នុងនោះ អ្នកឧកញ៉ា បានធ្វើបច្ចុប្បន្នភាពនៃពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដែលសម្រេចបានក្នុងក្របខណ្ឌអាស៊ានបូកដៃគូ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងក្របខណ្ឌទ្វេភាគីជាមួយចិន និងកូរ៉េ ព្រមទាំងកំពុងចរចាជាមួយអេមីរ៉ាតអារ៉ាប់រួម ផងដែរ។ ក្នុងន័យនេះ អ្នកឧកញ៉ា បានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃម្ហូបអាហារ ដើម្បីអាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ។

នៅកិច្ចបញ្ចប់ អង្គប្រជុំក៏បានគូសបញ្ជាក់ជាថ្មីអំពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី នាពេលខាងមុខ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១,០០០លានដុល្លារ ដែលបានជំរុញដោយថ្នាក់ដឹកនាំកំពូលរបស់ភាគីទាំងពីរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)