Register Already an agent ? Login

ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើន ៤,៤%

ភ្នំពេញ៖ ក្នុង​ឆ្នាំ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប​ជាង ១១,៦៨៦ពាន់​លាន​ដុល្លារ កើន ៤,៤% បើធៀបនឹងឆ្នាំ២០២១ មានចំនួន ១១,១៩៤ពាន់​លាន​ដុល្លារ​។ ទំហំ​ទឹកប្រាក់​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពី គឺ​ស្មើនឹង ២២,២៩% ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ២០២២ ដែលមាន​ចំនួន​ជាង ៥២ ៤២៤លាន​ដុល្លារ​។​ បើ​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

ប្រទេស​ចិន ​បាន​បន្ត​ឈរលើ​កំពូល​តារាង​ជា​ប្រទេស​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០២២ ទឹកប្រាក់​ដែល​ចិន​នាំ​ទំនិញ​មក​កម្ពុជា​បាន​គ្របដណ្ដប់​ដល់​ជិត ៩០% ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​។ បើតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

យោងតាម​ទិន្នន័យ​ខាងលើ គឺ​ការនាំ​ទំនិញ​ពី​ប្រទេស​ចិន​មក​កម្ពុជា មាន​ទឹកប្រាក់​ជាង ១០.៤៤៥ពាន់​លាន​ដុល្លារ កើន ៧,៩% ពី​ចំនួន ៩,៦៨៤ពាន់​លាន​ដុល្លារ ដែល​ឈរ​លេខ​១ ក្នុងនាម​ជា​ប្រទេស​នាំ​ទំនិញ​មក​កម្ពុជា​ច្រើនជាងគេ ស្មើនឹង​ចំណែក​ទីផ្សារ ៣៤,៩%​។

ចំណែក ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ចិន មានចំនួន ១,២៤០.៦៣​លាន​ដុល្លារ ធ្លាក់ចុះ ១៧,៩% ​ពី​ចំនួន ១,៥១០ពាន់​លាន​ដុល្លារ និង​ស្មើ ៥,៥% ​នៃ​ទីផ្សារ​នាំចេញ​សរុប​របស់​កម្ពុជា​។ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជា​ជាមួយ​ប្រទេស​ចិន ក្នុង​ឆ្នាំ២០២២ គឺ​កម្ពុ​ជាមាន​ឱនភាព​ប្រមាណ ៩,២០៤.៩០៣​លាន​ដុល្លារ​។​

បើតាមភ្នំពេញប៉ុស្តិ៍ស្រង់សំដី លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានលើកឡើងថា ទោះបី​ឆ្នាំ​២០២២ កន្លងមក​ប្រទេស​ចិន​បាន​ដាក់ចេញ​នូវ​វិធានការ​រឹតបន្តឹង​ជាច្រើន លើ​ការ​ចរាចរ​មនុស្ស និង​ទំនិញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ក៏​សកម្មភាព​នៃ​ការផ្លាស់ប្តូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ចិន​មិនបាន​ធ្លាក់ចុះ​នោះទេ​។

លោក បានបន្តថា ការរក្សាបាន​នូវ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​គឺ​មកពី​កត្តា​សំខាន់​ដូច​​ជា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​ប្រទេស​ទាំង ២, ការចូល​ជា​ធរមាន​ព្រម​គ្នា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ​(CCFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​នា​ដើមឆ្នាំ​ ២០២២​។

សម្រាប់​ចំនួន​ទឹកប្រាក់​ដែល​ចិន​នាំ​ទំនិញ​មក​កម្ពុ​ជាច្រើន​ក្នុង​ពេលនេះ គឺ​ដោយសារ​ភាគច្រើន​នៃ​ទំនិញ​ទាំងអស់នោះ គឺជា​វត្ថុធាតុដើម ឬ​គ្រឿងផ្សំ​គាំទ្រ​ឱ្យ​សកម្មភាព​ផលិត​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។​ បើតាមការលើកឡើងរបស់លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា។

​ទោះបី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរកើនឡើង ​ប៉ុន្តែ​សម្រាប់​កម្ពុជា​វា​អាចមាន​សញ្ញា​មិនល្អ​ខ្លះ ដោយសារ​ការនាំចេញរ​បស់​ខ្លួន​ធ្លាក់ចុះ​។ កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម ទំនិញ​នាំចេញ​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​សមត្ថភាព​នាំចេញ​ឱ្យបាន​កាន់តែខ្លាំង។ បើតាមការលើកឡើងបន្តរបស់ របស់ ហុង វណ្ណៈ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)