Register Already an agent ? Login

កម្ពុជា រំពឹងនៅឆ្នាំ២០២៣ ទទួលទេសចរអន្តរជាតិយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១៥លាននាក់

ភ្នំពេញ៖ កម្ពុជា រំពឹងថានៅឆ្នាំ២០២៣ នឹងអាចទទួលទេសចរអន្តរជាតិបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងបានប្រមាណ១៥លាននាក់។ បើតាមកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

កិច្ចប្រជុំខាងលើ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារនេះ បានសម្រេចឯកភាពលើផែនការសកម្មភាពសំខាន់ ៥ចំណុច ដើម្បីបន្តការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣ - Visit Cambodia Year 2023» ក្រោមទិសស្លោក «រាល់ថ្ងៃ គឺជាអច្ឆរិយ Every day is a Wonder»។

អ្វីដែលជាលទ្ធផលក្នុងកិច្ចប្រជុំ គឺការសម្រេចឯកភាពបន្តការអនុវត្តផែនការសកម្មភាពសំខាន់ៗជារួមហើយត្រូវបានលើកឡើងមានដូចខាងក្រោម៖

ការរៀបចំសេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»​ នឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា (Recovery) ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ជាមួយគ្នានេះ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។

ក្នុងនោះផងដែរ ឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលភាពជោគជ័យនៃការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា ២០២៣» នឹងដើរតួជាមូលដ្ឋានសំខាន់បំផុតសម្រាប់រុញដោលការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យដល់កម្រិតដូចមុនពេលវិបត្តិ និងកាន់តែប្រសើរជាងមុន ទាំងលើទិដ្ឋភាពបរិមាណ និងគុណភាព។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការនេះដោយបានផ្ដោតគោលសំខាន់គឺ៖ លើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។ ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

ដើម្បីសម្រេចបានគោលបំណងខាងលើ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានគោលដៅ បង្ហាញនិងផ្សព្វផ្សាយស៊ីជម្រៅពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗរបស់កម្ពុជាក្នុងប្រភពទីផ្សារទេសចរណ៍៩អាទិភាព តាមរយៈការធ្វើយុទ្ធសាស្រ្តទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្មទេសចរណ៍ តាមគ្រប់មធ្យោបាយ។ បង្កើនតម្រូវការភ្ញៀវទេសចរជាតិនិងអន្តរជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ទាក់ទាញកម្រិតអន្តរជាតិ ជាតិ និងកម្រិតមូលដ្ឋាន ក្រោមរូបភាពជាពិធីបុណ្យ ព្រឹត្តិការណ៍កីឡា ឬព្រឹត្តិការណ៍ទេសចរណ៍ឱ្យមានជាប្រចាំ «មួយខែ យ៉ាងតិចមួយព្រឹត្តិការណ៍»។

លោក ថោង ខុន បានលើកឡើងថា​ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» គឺជាចលនាជាតិមួយ  ដើម្បីបំផុសស្មារតី ផ្តល់ក្តីសង្ឃឹមដល់គ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ក្នុងដំណើរ «រួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»ក្នុងការស្ដារវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅអនាគតកាន់តែល្អប្រសើរ។  លោក សង្ឃឹមថា យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» នឹងត្រូវបានប្រកាសឱ្យដំណើរការដោយសម្តេចតេជោ ហ៊ុន សែន នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍កាលឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ២,២លាននាក់ បើធៀបឆ្នាំ២០២១ គឺមានភ្ញៀវទេសចរអន្តរជាតិត្រឹម​២០ម៉ឺននាក់ប៉ុណ្ណោះមកកម្ពុជា។ ចំណែកឯ ភ្ញៀវទេសចរផ្ទៃក្នុងដែលធ្វើដំណើរក្នុងប្រទេសមានក្នុងរង្វង់ពី ១៤លាននាក់។ នេះជាកំណើនខ្លាំងដែលលើសពីចំនួនមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ទៅទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)