Register Already an agent ? Login

CMAC បានបោសសម្អាតរំដោះផ្ទៃដីចម្ការមីនជាង ១៩៤គីឡូម៉ែត្រក្រឡា មាន៩ខេត្ត និង១៦៨ភូមិ ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ នៅឆ្នាំ២០២២ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានបោសសម្អាតរំដោះផ្ទៃដីចម្ការមីនបានជាង ១៩៤គីឡូម៉ែត្រក្រឡា ស្មើនឹង ៩១,៤% គិតជាតំបន់ចម្ការមីនមានចំនួនជាង៣៤០ រំដោះខេត្តឱ្យអស់គ្រាប់មីនបានចំនួន៩ និងរំដោះភូមិឱ្យអស់គ្រាប់មីនបានចំនួន ១៦៨ភូមិ ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ៦១,៤៧៧គ្រាប់។

នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅផែនការសមាហរណកម្មការងារឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់និងប្រយោលដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារសម្រាប់ដីលំនៅដ្ឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។ 

លោក បានថ្លែងបន្តថា ទន្ទឹមនឹងនេះ ក៏បានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងពីមីនដល់ក្រុមគោលដៅបានចំនួន ២២,៧៦៥លើក មានមនុស្សចូលរួមសរុបចំនួន ១.៣៤២.៧៩៤នាក់។ ជាការពិតណាស់​ សមិទ្ធផលដែលសម្រេចបានខាងលើនេះ ដោយសារតែបានទទួលជំនួយគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍​ និងជាពិសេសពីសម្តេចតេជោ​ ទាំងទស្សនដឹកនាំ​ សម្ភារបច្ចេកទេស និងថវិកា។

បើតាមកិច្ចប្រជុំខាងលើ ក្នុងឆ្នាំ២០២៣នេះ អង្គភាពស៊ីម៉ាក់មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមាននិងចម្ការគ្រាប់ចំនួនជាង ២៦៨គីឡូម៉ែត្រក្រឡា និងអាចមានលទ្ធភាពពង្រីកបន្ថែមដល់ប្រមាណ ៣០០គីឡូម៉ែត្រក្រឡា និងត្រៀមឆ្លើយតបតាមសំណើសុំអន្តរាគមន៍បន្ទាន់ៗមួយចំនួនតាមភារកិច្ចចាំបាច់ដើម្បីធានាសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ។

បន្ថែមពីនេះអង្គភាព CMAC ក៏បានត្រៀមខ្លួនផងដែរដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាល ផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាពមីនជាមួយនឹងប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួនទៀត ដូចជាប្រទេសកូឡុំប៊ី ឡាវ អ៊ុយក្រែនជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រយ៉ាងពេញទំហឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះ​ឈ្មួញបន្តលួចនាំចូលសាច់បង្កកនិងសាច់ក្លាស្សេ ខណៈបច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សាច់នៅក្នុងស្រុក
Mon, 22 Jun 2026
កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Mon, 22 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Mon, 22 Jun 2026