Register Already an agent ? Login

តំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១០០ហិកតា ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នឹងសាងសង់ក្នុងពេលឆាប់ៗនេះ

កំពង់ចាម៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ គ្រោងសាងសង់ឆាប់ៗនេះ នៅក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ​លើ​ផ្ទៃដី​​ ១០០​​ហិកតា។ បើតាមការថ្លែងឱ្យដឹងពី លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក្រោយពីចប់ពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។

លោក អ៊ុន ចាន់ដា បានថ្លែងបញ្ជាក់ទៅក្រុមអ្នកសារព័ត៌មានថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​នេះ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​រួចរាល់​ហើយ ដែល​នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ការសិក្សា​លម្អិត​ទៅលើ​ផែនការអភិវឌ្ឍន៍​។​

តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ស្រូប​ទាញ​ការវិនិយោគ​លើ​វិស័យ​រោងចក្រ វាយ​ន​ភណ្ឌ​មកកាន់​ខេត្តកំពង់ចាម​កាន់តែច្រើន​ថែមទៀត​។​ បើតាមការគូសបញ្ជាក់របស់អភិបាលខេត្តកំពង់ចាម បានបន្តទៀតថា ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ​គឺ​មិន​ត្រឹមតែ​ចូល​​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ទាំងមូល​នោះទេ ប៉ុន្តែ​វា​ថែមទាំង​បង្កើន​សេដ្ឋកិច្ច​ខេត្ត ពិសេស​សេដ្ឋកិច្ច​បងប្អូន​ប្រជាពលរដ្ឋ​។ ទោះយ៉ាងណា លោក​ពុំបាន​បង្ហាញថា​តើ​ក្រុមហ៊ុន​ណា​ជា​អ្នកវិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ត្រូវ​ចំណាយ​ទុនវិនិយោគ​ប៉ុន្មាន​នោះទេ​។

បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ថាការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ស្គន់​នេះ គឺជា​ទីតាំង​ល្អ​មួយ​សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​។​ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ប្រមូលផ្តុំ​នូវ​បណ្តា​រោងចក្រ​ដែលមាន​ស្រាប់​នៅ​ទី​នោះ​ឱ្យមក​ស្ថិតក្នុង​តំបន់​តែមួយ​ដែល​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ការសម្រួល​និង​ការកាត់បន្ថយ​ថ្លៃដើម​ដល់​ម្ចាស់​រោងចក្រ​។

ចំណុច​នេះ​ គឺ​បង្ហាញ​អំពី​ការ​ផ្តល់ឱកាស និង​ការជំរុញឱ្យ​មានការ​​វិនិយោគ​បន្ថែម​ទៅក្នុង​វិស័យ​ឧស្សាហ​កម្ម ផលិតកម្ម និង​កម្មន្តសាល​ដូចជា​វិស័យ​កាត់ដេរ​នៅ​ខេត្តកំពង់ចាម​។​ បើតាមការបញ្ជាក់របស់ លោក គី សេរី​វឌ្ឍន៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)