Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីសម្រេចបាន ៦៣% គ្រោងសម្រេច៩០%នៅខែមីនា ឆ្នាំ២០២៣

សៀមរាប៖ វឌ្ឍនភាព គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សម្រេចបាន ៦៣% ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំ២០២២ ឱ្យបាន៧០% ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខារសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហា កូវីដ-១៩។ តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង។

លោក តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស បានដឹកនាំគណៈប្រតិភូពិនិត្យមើលសមិទ្ធិផលគម្រោងនៅឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅសត្រូវឆ្នាំ២០២៣ កាលពីថ្ងៃទី៩ ខែមករា ​ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

បើតាមកិច្ចប្រជុំ ក្រុមហ៊ុន AIAI បានបង្ហាញពីរបាយការណ៍ គម្រោងការសាងសង់ទាំងមូលសម្រេចបាន ៦៣% គិតត្រឹមដំណាច់ឆ្នាំ២០២២ មានការយឺតយ៉ាវដោយការរំខានដល់ការនាំចូលសម្ភារសំណង់ពីប្រទេសចិនដោយសារវិបត្តិកូវីដ-១៩។ ក្រុមហ៊ុន បានដាក់ចេញនូវផែនការ និងការប្ដេជ្ញាចិត្តខ្ពស់ នឹង​សម្រេចឱ្យការងារសាងសង់នេះ ឱ្យបាន ៩០% នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។

ផ្អែកតាមសមិទ្ធផលជាក់ស្តែង តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និងរបាយការណ៍វឌ្ឍនភាពក្រុមហ៊ុន លោក តឹករ៉េត សំរេច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះគម្រោងនេះ ហើយបានអនុវត្តគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំងដូចដែលបានឃើញនៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាន និងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។

បើតាមកិច្ចប្រជុំនោះ លោក តឹករ៉េត សំរេច បានណែនាំចំណុចសំខាន់ៗ ដល់ក្រុមហ៊ុនអនុវត្តគម្រោងរួមមាន៖

-ទី១.ក្រុមការងារ បច្ចេកទេសរបស់ក្រុមហ៊ុន ត្រូវបន្តធ្វើការឱ្យកាន់តែជិតស្និតជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេសរបស់អាកាសយានដ្ឋាន (Airport Certification)។

-ទី២.ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំសំណុំលិខិត និងឯកសារនានា ដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀត ជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់។

-ទី៣.ការចូលមកធ្វើការរបស់ផ្នែកពាក់ព័ន្ធផ្សេងៗ (Service Providers) នៅព្រលានយន្តហោះ សូមឱ្យយកចិត្តទុកដាក់ពិនិត្យពិច័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ទទួលយកក្រុមហ៊ុនដែលមានជំនាញ បទពិសោធ និងកេរ្តិ៍ឈ្មោះនៅក្រៅប្រទេសស្រាប់ ដើម្បីជម្រុញផ្នែកផ្សព្វផ្សាយក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)