Register Already an agent ? Login

នៅឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានតម្លៃជាង ៤,៦៨ពាន់លានដុល្លារ កើនជិត៨%

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័តគម្រោងវិនិយោគមានទឹកប្រាក់សរុបជាង ៤,៦៨​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២២ កើនឡើង ៧,៥% ​បើ​ធៀប​ឆ្នាំ​២០២១ ដែលមានចំនួន ៤,៣៥៥ពាន់​លាន​ដុល្លារ​។ បើតាមការរបាយការណ៍របស់ CDC បានបញ្ជាក់ថា ​ចំនួន​ប្រាក់​វិនិយោគ​នេះ គឺ​ភាគច្រើន​មកពី​ប្រទេស​ចិន​ ជប៉ុន​ កោះCayman Island, ថៃ និង​សិង្ហ​បុរី។

នៅក្នុងរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងថា ទឹកប្រាក់ទាំងនោះភាគច្រើន​ស្ថិតក្នុង​វិស័យ​កសិកម្ម និង​ក​សិ​ឧស្សាហកម្ម ទេសចរណ៍ រោងចក្រ វាយ​ន​ភណ្ឌ ហេ​ដ្ឋា​រចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ​។​

ការកើនឡើង​នៃ​លំហូរ​ប្រាក់​វិនិយោគ​នៅក្នុង​ឆ្នាំ​២០២២ គឺ​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធ​ភាព​ការខិតខំ​ប្រឹងប្រែង​កំណែ​ទម្រង់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​របស់​រដ្ឋាភិបាល ទោះបី​ប្រទេស​ប្រឈម​នឹង​ការប្រយុទ្ធ​​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ- ១៩ និង​ការធ្លាក់ចុះ​សេដ្ឋ​កិច្ច​សកល​ក៏ដោយ​។​ បើតាមការលើកឡើងរបស់ លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា។

លោក បានលើកឡើងបន្តថា រដ្ឋាភិបាល​បាន​ខំប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ទាក់ទាញ​វិ​និ​​យោគ ដូចជា​ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី​ ហើយ​កំណើន​នៃ​គម្រោង​វិ​និ​យោគ​ថ្មី​ភាគច្រើន​គឺ​លើ​វិស័យ​កាត់ដេរ ដែល​វិស័យនេះ​នៅតែមាន​ភាព​ធន់​នៅ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​។​

បើតាម​ភ្នំពេញ​ប៉ុស្តិ៍​ ដែលបានស្រង់សំដី លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាថា ក្នុង​ឆ្នាំ​២០២២ សេដ្ឋកិច្ច​របស់​យើង​បាន​ដំណើរការ​យ៉ាង​ល្អ ដោយ​​សារ​តែ​ការគ្រប់គ្រង​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋា​ភិ​​បាល​ដែល​បាន​កសាង​នូវ​ទំនុក​​ចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង​ស្រុក និង​បរទេស​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​។

លើសពីនេះ​ទៀត​ការអនុវត្ត​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កម្ពុជា​-​កូរ៉េ និង​កិច្ច​ព្រម​ព្រៀង RCEP ក៏​ជា​កម្លាំង​ច​ល​ករ​មួយ​ដ៏​សំខាន់​ក្នុងការ​ទាក់​ទាញ​ការវិនិយោគ​ផងដែរ។ បើតាមការលើកឡើងបន្តរបស់ លោក លឹម ហេង បានបន្ថែមថា ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​​កម្ម​សេរី កម្ពុជា​ក៏បាន​ដាក់ចេញ​ច្បាប់​វិនិយោគ​ថ្មី និង​ការទទួល​បានការ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​អឺរ៉ុប និង​អាមេរិក ក៏​នៅតែ​ជា​កត្តា​ទាក់ទាញ​វិនិយោគ​មួយ​ដ៏​សំខាន់​ផងដែរ​។​

វិស័យសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងឆាប់ តាមរយៈការដាក់ចេញនូវវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលជាបន្តបន្ទាប់។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

សម្ដេចតេជោ បានថ្លែងបន្តថា នៅក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។

ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់៖ «សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦,៦% នៅឆ្នាំ២០២៣។

ធនាគារពិភពលោក​បាន​ព្យា​​ករ​ថា នៅ​ឆ្នាំ​២០២៣ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៥,២% ដោយសារ​ការ​កើនឡើង​ការជួល ដែល​គាំទ្រ​ដល់​ការកើនឡើង​ការប្រើប្រាស់​នៅក្នុង​ស្រុក​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)