Register Already an agent ? Login

សម្ដេចតេជោ បានអញ្ជើញបើកការដ្ឋានពង្រីកគុណភាពផ្លូវលេខ៧ជាង ៤៥គ.ម តម្លៃជាង ១១៧លានដុល្លារ ក្នុងខេត្តកំពង់ចាម

កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋានពង្រីកលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណ ៤៥.៤៨គីឡូម៉ែត្រ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៧លានដុល្លារ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។

ផ្លូវនេះ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។ បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល។

លោក បានបន្ថែមថា គម្រោងនេះដែរនឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង។

ក្នុងនោះ មានបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត។ កំណាត់ផ្លូវជាតិនេះ តភ្ជាប់ផងដែរជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ទៅកាន់ស្រុកចំការលើ និងចំណុចផ្លូវបំបែកកំពង់ថ្ម និងតភ្ជាប់ទៅស្រុកស្ទឹងត្រង់ តាមរយៈផ្លូវជាតិលេខ៧១C។ បើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល។

លោក បានបន្ថែមទៀតថា លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរីផងដែរ។

មួយវិញទៀត កំណាត់ផ្លូវជាតិនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ (AH11) ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ(GMS) ផងដែរ។ បើតាមការគូសបញ្ជាក់បន្តរបស់ លោក ស៊ុន ចាន់ថុល។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោយសម័យសង្គ្រាមការស្ថាបនាផ្លូវថ្នល់មានទំហំត្រឹមតែ ៥ទៅ ៧ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែដោយសារកត្តាសន្តិភាពបានផ្តល់ឱ្យយើងនូវឱកាសក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបច្ចុប្បន្នទោះបីជាផ្លូវដែលមានទំហំដល់ទៅ១២ម៉ែត្រ ក៏ហាក់នៅតែមិនទាន់គ្រប់គ្រាន់។

សម្ដេចតេជោ បានបន្តថា ជាមួយគ្នានេះដែរ ផ្លូវជាតិលេខ៧នេះ គឺពិតជាសំខាន់ណាស់ ដែលមានការចាំបាច់តម្រូវឱ្យមានការពង្រីក និងលើកកម្រិតគុណភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ជាពិសេសទំហំចរាចរណ៍ និងកំណើននៃការដឹកជញ្ជូនដែលមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។

សម្តេចតេជោ បានធ្វើការផ្ដាំផ្ញើដល់ក្រុមហ៊ុន CRBC និងក្រុមហ៊ុនក្វាងចូវវ៉ាន់អាន ដែលនឹងត្រូវទទួលភារកិច្ចសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ សូមជំរុញការយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ ដើម្បីសម្រេចតាមផែនការគ្រោងទុក និងប្រកបដោយគុណភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)