Register Already an agent ? Login

ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីជិត ៧លានបណ្ណ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២២ ស្មើនឹងជាង៩៦%

ភ្នំពេញ៖ គិតពីចាប់ផ្តើមអនុវត្តដល់ខែវិច្ឆិកា ឆ្នាំ២០២២ ការចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៦,៧៣០,៧៥២បណ្ណ ស្មើនឹង៩៦,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧លានក្បាលដី។ បើតាមការថ្លែងរបស់ លោក ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជើញ​ជាអធិបតីក្នុងពិធីបើកសន្និបាត​បូកសរុប​លទ្ធផលការងារឆ្នាំ២០២២​ និងលើកទិសដៅការងារឆ្នាំ២០២៣​ របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​។

នៅក្នុងពិធីបើកសន្និបាត​បូកសរុប​លទ្ធផលការងារឆ្នាំ២០២២​ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោក ជា សុផារ៉ា បានថ្លែងបន្តថា បន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។

លោក បានថ្លែងបញ្ជាក់ថា «កិច្ចការនេះ បច្ចុប្បន្នសម្រេចបាន ៩៦,២០ នៃក្បាលដីប៉ានស្មានដំបូង ៧លានក្បាលដី ត្រូវរួសរាន់បញ្ចប់ការចុះបញ្ជីក្បាលដីដែលនៅសេសសល់»។

លោក ជា សុផារ៉ា បានថ្លែងបន្តថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦,១០៤,០៥២បណ្ណ និងចែកបណ្ណបានចំនួន ៥,៥៩០,៨០៨បណ្ណ (សម្បទានដីសង្គមកិច្ចចំនួន១៧,៩៩៣បណ្ណ) និងការចុះបញ្ជីដី មានលក្ខណៈដាច់ដោយដុំ សម្រេចបាន៦២៦,៧០០បណ្ណ។

លោក បានបន្ថែមថា ក្នុងនោះរួមមាន៖

ទី១-ដីរដ្ឋបាន ១៩៨ទីតាំង ចំនួន ២,១៧៨បណ្ណ ទំហំ៩៤២ ៦១៧ហិកតា (ដីគោលដៅសម្បទានសេដ្ឋកិច្ច ១៨២ទីតាំង ចំនួន ២,០៩១បណ្ណ ទំហំ៧ ២៥,៥៦១ហិកតា តំបន់ការពារ/ ព្រៃស្តារឡើងវិញ ១៦ទីតាំង ចំនួន៨៧បណ្ណ ទំហំ២១៧,០៥៦ហិកតា ក្នុងនោះ ដីស្ថិតក្រោមការកាន់កាប់របស់ក្រសួងបរិស្ថាន ៩ទីតាំង ចំនួន ៦៦បណ្ណ ទំហំ ១៩៥ ២៣៦ហិកតា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៧ទីតាំង ចំនួន ២១បណ្ណ ទំហំ២ ១ ៨២០ហិកតា)។

ទី២-ដីឯកជនរបស់បុគ្គលឯកជនបាន ៦២៣,៥៤១បណ្ណ។

ទី៣-ដីសហគមន៍ជនជាតិដើមភាគតិច បានចំនួន ៣៨សហគមន៍ ស្មើនឹង ៩៨១បណ្ណ ទំហំ៣ ៩ ៣៤២,៤១ហិកតា សម្រាប់៣៧១៧គ្រួសារ។ ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន ១,៩៣៦វត្ត ស្មើនឹង ២,៤០៤បណ្ណ៕

នៅក្នុងពិធីបើកសន្និបាត​បូកសរុប​លទ្ធផលការងារឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អនុវត្តដួចជា៖

១-ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។

២-សូមបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យសំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ ។ បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដី និងបន្តអនុវត្តចែកដី និងផ្ទះជូនកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅតាមព្រំដែន។

៣-ត្រូវជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែកជូនបងប្អូនប្រជាពលរដ្ឋដែលស័្មគ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែកហេដ្ឋារចនសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

៤-ត្រូវបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់៣ ព្រំប្រទល់តំបន់២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់៣ និងតំបន់២ ឱ្យចប់មុនពេលបោះឆ្នោតសកលឆ្នាំ២០២៣៕

ដោយ៖ មឿន ឌីណា (Moeun Dyna)