Register Already an agent ? Login

សម្តេចតេជោ ជំរុញឱ្យអាជ្ញាធរចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន១០០% នៅឆ្នាំ២០២៣ បច្ចុប្បន្នសម្រេចជាង ៩០%

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន ១០០% នៅឆ្នាំ២០២៣ ដែលបច្ចុប្បន្នសម្រេចបានជាង ៩០% ហើយនោះ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគរនគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យអភិបាលខេត្តទាំងអស់យកចិត្តទុកដាក់ខ្ជាប់ខ្ជួនលើការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានឆាប់ និងបានណែនាំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើនផងដែរ។

«វិវាទដីធ្លីមិនមែនជារឿងថ្មីថ្មោងនោះទេ បញ្ហានេះកើតឡើងក្រោយប្រទេសមានសុខសន្តិភាព»។ បើតាមការបញ្ជាក់របស់ ប្រមុខរាជរដ្ឋាភិបាល បានបន្តថា វិវាទដីធ្លីមានតែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទើបងាយស្រួល។

ជាក់ស្តែងនៅថ្ងៃនេះ សម្តេចតេជោបានណែនាំឱ្យពិនិត្យលើរឿងបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ដែលគេចាប់ខ្លួន តើរឿងពិត ឬបែបណា? សម្តេចតេជោ ក៏បានណែនាំដល់នគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ កុំពូកែរឿងចាប់ចងតាមបញ្ជារបស់តុលាការពេក។ សម្តេចតេជោបញ្ជាក់ថា អ្នកដោះស្រាយវិវាទត្រូវរក្សាភាពអព្យាក្រឹត គ្មានលំអៀង ទើបដោះស្រាយបញ្ហាបានដោយយុត្តិធម៌។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរអនុវត្តការងារកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ឱ្យរួចរាល់ត្រឹមខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ក៏បានណែនាំមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់ និងពន្លឿនសេវាជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនេះ នៅសល់មិនច្រើនទៀតនោះទេ ប៉ុន្ដែមន្ដ្រីជំនាញហាក់ពន្យារពេលក្នុងការទាំងការចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំ ដូច្នេះទាល់តែមានការជំរុញបន្ថែម ទើបការងារនេះមានសន្ទុះទៅមុខលឿន។ បើតាមការសង្កត់ធ្ងន់របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្តថា ខ្ញុំទទូចឱ្យធ្វើកិច្ចការងារនេះ ឱ្យបានសម្រេចដូចដែលបានគ្រោង នៅឆ្នាំ២០២៣។

សម្ដេចតេជោ បានបន្តទៀតថា ចំណុចសេសសល់របស់យើងនៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្ដែកន្លែងខ្លះយើងហាក់ដូចពន្យារនូវការធ្វើរឿងនេះទោះបីការចុះបញ្ជី ឬធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដាច់ដោយដុំក្ដី គឺហាក់ដូចជានៅត្រឹងឬធ្វើដែរ ប៉ុន្ដែធ្វើដោយមិនមានការជំរុញមិនមានសន្ទុះ ដែលធ្វើឱ្យប្រជាជនរង់ចាំរឿងនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ពាក់ព័ន្ធនឹងការចុះបញ្ជី ដីធ្លីនេះ ក៏មានប្រជាពលរដ្ឋមួយចំនួនបានស្នើសុំទៅកាន់ សម្តេចផ្ទាល់ តាមរយៈ Facebook និង messenger ជាដើម។ អ៊ីចឹងទេ ខ្ញុំស្នើឱ្យលោក ជា សុផារ៉ា បញ្ជាទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតាមបណ្តាខេត្ត ហើយកិច្ចការងារនេះអភិបាលខេត្តត្រូវយកចិត្តទុកដាក់រឿង រឿងនេះចាំបាច់សម្រាប់ប្រជាពលរដ្ឋរបស់យើង។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្ថែមដោយសង្កត់ធ្ងន់ថា ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋគឺជាការផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីចៀសវាងការកើតឡើងនូវវិវាទដីធ្លី និងបញ្ហានានាបន្តទៀត។ សម្ដេចតេជោ បានគូសបញ្ជាក់ថា មិនប្រើយុទ្ធនាការ បែបគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីដូចឆ្នាំ២០១២ ក៏ប៉ុន្តែសូម អភិបាលខេត្តត្រូវយកចិត្តទុកដាក់ មើលបញ្ហានេះឱ្យបានល្អទាំងដីរដ្ឋ ដីសហគមន៍ ក៏ត្រូវមើលនិងប្រជាជនដែលមិនទាន់ចុះបញ្ជីត្រូវធ្វើ ដោយចាត់ទុកថាជាសេវាចាំបាច់ ឬសេវាតម្រូវការតែម្តង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)