Register Already an agent ? Login

ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់ កើនឡើង ៥.៤% និងវិស័យអចលនទ្រព្យកើន ៤.១% ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ វិស័យសំណង់ និងអចលនវត្ថុ មានការកើនឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ហើយនៅឆ្នាំ២០២២ វិស័យសំណង់ នឹងមានការកើនឡើង ៥.៤% រីឯវិស័យអចលនទ្រព្យកើន ៤.១% ហើយវិស័យទាំងពីរនេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត។ យោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ។

ការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ នឹងមានកំណើនឡើងវិញ ហើយក៏នឹងអាចផ្ដល់ការងារឱ្យប្រជាពលរដ្ឋមានការងារធ្វើ រហូតដល់រាប់សិបម៉ឺននាក់ផងដែរ។ ទាំងនេះ គឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិ ឱ្យមានចរន្តការឡើងវិញ បន្ទាប់ពីមានវិបត្តិកូវីដ-១៩។ បើតាមការលើកឡើងរបស់អ្នកជំនាញផ្នែកអចលនទ្រព្យ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) បានលើកឡើងថា វិនិយោគិនចិន អាចនឹងសម្លឹងមើលកម្ពុជាសម្រាប់ការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសក្តានុពលមួយចំនួនផ្សេងទៀត ហើយតាមការព្យាករណ៍ អាចនឹងមានគម្រោងវិនិយោគច្រើន នៅចុងឆ្នាំ២០២២នេះ។

ស្ថានភាពទិញលក់អចលនទ្រព្យនៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន ស្ថានភាពទិញលក់ បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗហើយ។ ជាក់ស្តែងដូចជាការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ទាំងនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក។ បើតាមការបញ្ជាក់របស់ លោក ច្រឹក សុខនីម។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជានៅតែលើកទឹកចិត្តដល់ពលរដ្ឋ ដែលមានលទ្ធភាពទិញខុនដូ ឬផ្ទះល្វែងសម្រាប់ស្នាក់នៅគ្រានេះ ជាឱកាសល្អព្រោះតម្លៃក្នុងពេលកូវីដ-១៩ ស្ថិតនៅក្រោមតម្លៃទីផ្សារ។

គូសបញ្ជាក់ថា វិស័យសំណង់ត្រូវបានព្យាករណ៍ថា នឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២% ក្នុងឆ្នាំ២០២៣ ហើយការរំពឹងងើបឡើងវិញនេះបានមកពីការចូលរួមនៃរំហូរទុនវិនិយោគពីបរទេស ខណៈឆមាសទី១ដើមឆ្នាំ២០២២ ទុនវិនិយោគក្នុងវិស័យសំណង់បានកើនដល់ជាង ១ពាន់លានដុល្លារ។

យោងតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតពីចាប់ផ្តើមអនុវត្តន៍ឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាមានគម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើង នៅទូទាំងប្រទេសចំនួន ២ ៥៣៤អគារ ក្នុងនោះ នៅរាជធានីភ្នំពេញចំនួន ១ ៦៧៥អគារ ខេត្តព្រះសីហនុ ចំនួន ៦៨៥អគារ នៅខេត្តបន្ទាយមានជ័យចំនួន ១៣១អគារ និងផ្សេងៗ ចំនួន៤៣អគារ។

ក្នុងចំណោមអគារខ្ពស់ៗទាំងនោះ គឺអគារដែលមានកម្ពស់ចាប់ពី ៥ជាន់ទៅ៩ជាន់ មានចំនួនសរុប ១ ៤២៣អគារ, អគារចាប់ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន៦៩៩អគារ, អគារចាប់ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ២៣៣អគារ, អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន១២៩អគារ, អគារចាប់ពី៤០ជាន់ឡើង មានចំនួន ៥០អគារ។

របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ សម្រាប់គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៥១០គម្រោង។ ដោយឡែកគិតពីឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ អគារផ្ទះល្វែងមានចំនួន៨៩.៥៣១ខ្នង និងអគារស្នាក់នៅរួមមានចំនួន ៤៣៤គម្រោង។

គិតពីឆ្នាំ២០០៨ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ មានសំណង់លំនៅឋានមានចំនួន ៣៤,៣៧៣គម្រោង សំណង់អគារសណ្ឋាគារមានចំនួន ១,០៧៣គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ៣,១៣៦គម្រោង សំណង់អគាររោងចក្រមានចំនួន ១០ ៦២៩គម្រោង និងសំណង់អគារពហុមុខងារមានចំនួន ៣៣០គម្រោង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)