Register Already an agent ? Login

នៅឆ្នាំ២០២២ គម្រោងសំណង់បានថយចុះជិត ១០០គម្រោង ទុនវិយោគសរុបជាង ២,៦ពាន់លានដុល្លារ

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ មានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន ៣,៨២៧គម្រោង មានទុនវិយោគជាង២,៦៣៤លានដុល្លារ មានការថយចុះ ៤៩,៤២% បើធៀបទៅនឹងឆ្នាំ២០២១ មានចំនួន ៣,៩២៥គម្រោង ទុនវិនិយោគប្រមាណជាង ៥,២១០លានដុល្លារ។ បើយោងតាមរបាយការណ៍លទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២២។

នៅក្នុងរបាយការណ៍លទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងបន្តថា សម្រាប់សំណង់លំនៅឋានមានចំនួន ៤,៣២១គម្រោង ដែលមានតម្លៃទុនវិនិយោគ ១,៤១២លានដុល្លារ។

ក្នុងនោះ សំណង់ជាលក្ខណៈបុរីមានចំនួន ៣៥គម្រោង ស្មើនឹង ៩,៩១២ខ្នង មានតម្លៃវិនិយោគប្រមាណ ៨២០លានដុល្លារ ប្រភេទផ្ទះល្វែងមានចំនួន ៦,៦០៩ល្វែង ក្នុងតម្លៃវិនិយោគប្រមាណ ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួមមានចំនួន ៥១គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ ២២២លានដុល្លារ។

របាយការណ៍ក្រសួង បានបន្តទៀតថា ដោយឡែក សំណង់សណ្ឋាគារមានចំនួន ២០គម្រោង មានតម្លៃទុនវិនិយោគប្រមាណ ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន ១៨៥គម្រោង មានតម្លៃទុនវិនិយោគប្រមាណ ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន ១១៧គម្រោង មានតម្លៃទុនវិនិយោគប្រមាណ ៥៣៣លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន ៧គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ ១៤៩លានដុល្លារ។

បើតាមរបាយការណ៍ដដែលបានឱ្យដឹងបន្តទៀតថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ គម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង មានចំនួន ១២៨គម្រោង ស្មើនឹង ១៤២អគារ។ ក្នុងនោះ នៅរាជធានីភ្នំពេញ ៨៧គម្រោង ស្មើនឹង ៩៣អគារ, ខេត្តព្រះសីហនុចំនួន ១៤គម្រោង ស្មើនឹង១៦អគារ និងខេត្តបន្ទាយមានជ័យមានចំនួន ១៣គម្រោង ស្មើនឹង ១៥អគារ។

អគារចាប់ពី ៥ជាន់ ទៅ៩ជាន់ មានចំនួន ៩៩អគារ ពី១០ជាន់ ទៅ១៩ជាន់ មាន ២៤អគារ ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ១៣អគារ និងពី៣០ជាន់ ទៅ៣៩ជាន់ មានចំនួន ៦អគារ។

សំណង់លំនៅឋានមានចំនួន ៤,៣២១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ៣,៧០៧,៤៥៨ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ ១,៤១ពាន់លានដុល្លារ។

ក្នុងនោះ បុរីលំនៅឋាន និងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរី មានចំនួន ៣៥គម្រោង ស្មើនឹង ៩,៩១២ខ្នង ផ្ទៃក្រឡាកម្រាលសរុបមាន ២,២៣៩,៤១៧ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ ៨២០.១៦លានដុល្លារ។

អគារផ្ទះល្វែងមានចំនួន ៦,៦០៩ល្វែង ផ្ទៃក្រឡាកម្រាលសំណង់មាន ១,៥២៣,៥១៣ម៉ែត្រការ៉េ មានទុនវិនិយោគជាង៥៥៤លានដុល្លារ។ អគារស្នាក់នៅរួម ឬខុនដូ អាផាតមិន មានចំនួន ៥១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៣៦៧,៦៩១ម៉ែត្រការ៉េ មានទុនវិនិយោគប្រមាណ ២២២.៣៣លានដុល្លារ។

បើតាមរបាយការណ៍ដដែលបានឱ្យដឹងបន្តទៀតថា ចាប់តាំងពីឆ្នាំ២០០០ ដល់ដំណាច់ខែវិច្ឆិកា២០២២នេះ ប្រទេសកម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យសំណង់ប្រមាណ ៦៨,៨៣លានដុល្លារ។ ក្នុងអំឡុងពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតសាងសង់ចំនួន ៦១,៤១៨គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៧៣.២១លានម៉ែត្រការ៉េ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)