Register Already an agent ? Login

កម្ពុជាទទួលបានទេសចរចិនជាង ៩ម៉ឺននាក់ កើ១១៣.៨% ១១ខែ ឆ្នាំ២០២២ ជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល១១ខែ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចិនជាង ៩ម៉ឺននាក់ ក្នុងអត្រាកំណើន ១១៣.៨% ដែលអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។ បើតាមរបាយការណ៍របស់ក្រសួងទេសរណ៍។

ក្រសួងទេសចរណ៍កំពុងបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready​​ Accreditation)ទ្បើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាង ២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។

ទោះបីជាស្ថានភាពទីផ្សារចិននៅមិនទាន់បង្ហាញសញ្ញានៃការងើបទ្បើងវិញនៅទ្បើយ ក្រសួងទេសចរណ៍នៅតែបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។

ក្រសួងទេសចរណ៍ បានអបអរសាទរអាជីវកម្មទេសចរណ៍មួយចំនួន១០ ដែលទទួលបានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន។

ក្រសួងទេសចរណ៍ បានបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអាសយដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមរម្លឹកថា មុនពេលជំងឺកូវីដ-១៩ ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរចិនមានចំនួន ២,៣លាននាក់ បានមកទស្សនាប្រទេសកម្ពុជា ដោយជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមប្រទេសកំពូលទាំង១០ (នាំមុខវៀតណាម និងថៃ) ក្នុងចំណោមភ្ញៀវបរទេសសរុប៦,៤លាននាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរចិន នឹងជំរុញកំណើនទេសចរណ៍របស់ខ្លួន បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។

ភ្ញៀវទេសចរ​ចិន គឺ​កំណប់ទ្រព្យ​ដ៏​សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រោះបានរួម​ចំណែក​យ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម តាមរយៈ​ការបង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​។ បើតាមការថ្លែងកន្លងមករបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក បានថ្លែងបន្តថា បន្ថែម​លើ​នេះ​វិស័យ​ទេសចរណ៍ បាន​ជំរុញ​ការនាំចេញ​នៅនឹងកន្លែង ហើយ​បាន​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​បង្កើន​ចំណូល​ជាតិ​ផង និង​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ពិសេស​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែលជា​បញ្ហា​ប្រឈម​ជា​សកល​​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)